តើលោក Joko Widodo ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីបន្សល់ទុកសមិទិ្ធផលសំខាន់ៗអ្វីខ្លះ?

0

តើលោក Joko Widodo ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីបន្សល់ទុកសមិទិ្ធផលសំខាន់ៗអ្វីខ្លះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានលើកឡើងពីភាពជោគជ័យផ្នែកសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ ជាលើកចុងក្រោយ មុនពេលលោកចុះចេញពីតំណែង។

បន្ទាប់ពីកាន់តំណែង១ទសវត្សរ៍ ជាប្រធានាធិបតីរបស់ប្រទេសមានសេដ្ឋកិច្ចធំ ជាងគេបំផុតនៅតំបន់អាស៊ាន លោក Joko Widodo បានយកចិត្តទុកដាក់ ចំពោះភាពជោគជ័យក្នុងការកសាងផ្លូវ ស្ពាន និងកំពង់ផែទូទាំងប្រទេសឥណ្ឌូនេស៊ី

លោក​ប្រធានាធិបតី បាន​ថ្លែងប្រាប់​ទៅកាន់សភា​ជាតិ​ឥណ្ឌូនេស៊ីថា​ “យើង​អាច​កសាងមូលដ្ឋានគ្រឹះ​ថ្មី និង​អរិយធម៌ ដោយកសាងចេញពី​តំបន់​ជុំវិញ កសាងចេញពី​ភូមិ និង​កសាងពី​តំបន់​ដាច់ស្រយាល”។

ក្នុងនាមជាថ្នាក់ដឹកនាំកំពូល របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង២៧០លាននាក់ លោក Joko Widodo បានថ្លែងថា ការកាត់បន្ថយភាពក្រីក្រពីអត្រា៦,១% មកនៅក្រោម១% រួមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ថែទាំសុខភាពជាតិ និងកំណែទម្រង់ក្រមព្រហ្ម ទណ្ឌជាជោគជ័យគួរឱ្យកត់សម្គាល់។

លោក Joko Widodo នឹងចាកចេញពីតំណែង ដោយបន្សល់ទុកកំណត់ត្រា កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប៉ុន្តែលោកក៏កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំង អំពីទិដ្ឋភាពផ្សេងទៀត រួមមាន ប្រព័ន្ធតុលាការ និងស្ថាប័នប្រឆាំងអំពើពុករលួយ។

កាលពីខែតុលាឆ្នាំមុន តុលាការធម្មនុញ្ញ បានកែប្រែលក្ខខណ្ឌអាយុបេក្ខជន ដោយត្រួសត្រាយផ្លូវឱ្យលោក Gibran Rakabuming Raka វ័យ៣៦ឆ្នាំជាកូនប្រុសច្បងរបស់លោក Joko widodo អាចចូលរួមប្រកួតប្រជែង និងឈ្នះតំណែងជាអនុប្រធានាធិបតី។

លោក Gibran រួមជាមួយប្រធានាធិបតី ជាប់ឆ្នោតលោក Prabowo Subianto នឹងត្រូវឡើងកាន់តំណែង ដឹកនាំរដ្ឋាភិបាលថ្មីនៅថ្ងៃទី២០ ខែតុលាខាងមុខ។

ក្នុងអំឡុងពេលថ្លែងបិទសុន្ទរកថា ទៅកាន់សភាជាតិឥណ្ឌូនេស៊ីលោកប្រធានាធិបតី Joko widodo បានសូមទោសដល់ប្រជាជនឥណ្ឌូនេស៊ី ចំពោះចន្លោះប្រហោង ឬការខ្វះខាតណាមួយ ក្នុងអំឡុងពេលកាន់តំណែងរបស់លោក។

លោក​បាន​បញ្ជាក់បន្ថែមថា​ “រយៈពេល១០ឆ្នាំ​ពុំមែន​ជា​រយៈពេល​យូរ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា ​ក្នុង​ប្រទេស​ជាតិ​យើង​នោះ​ទេ​។ ពិតណាស់ ខ្ញុំបានប្រព្រឹត្តកំហុសជាច្រើនដោយជៀសមិនរួច”៕ប្រភព:Bangkok Post

 

LEAVE A REPLY

Please enter your comment!
Please enter your name here