ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ី លោក Basuki Hadimuljono បានប្រកាសថា ក្រុមហ៊ុនវិនិយោគចំនួន៧ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ គម្រោងអចលនទ្រព្យនៅរដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេស៊ី ក្នុងខែកញ្ញានេះ។
លោក Hadimuljono បានទម្លាយឱ្យដឹងថា គម្រោងដែលគ្រោងបើកការដ្ឋានសាងសង់ នៅក្នុងរដ្ឋធានីលើដែនកោះមួយនេះ រួមមាន ដូចជា គម្រោងអគារអប់រំ សណ្ឋាគារ អចលនទ្រព្យ និងមជ្ឈមណ្ឌលកីឡា។
លោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគទើបតែងតាំងថ្មី បានលើកឡើងថា ដើម្បីជំរុញការអភិវឌ្ឍ នៅរដ្ឋធានីថ្មី យើងក៏សង្ឃឹមថា នឹងទាក់ទាញបានការវិនិយោគ ពីក្រុមហ៊ុនបរទេសផងដែរ ខណៈអ្នកវិនិយោគក្នុងស្រុក បានបន្តហូរចូលមករួចជាស្រេច។
លោកបានកត់សម្គាល់ថា ការស្រូបទាញបានដើមទុនវិនិយោគពីបរទេស ជាពិសេសពីប្រទេសនានា ដូចជា សិង្ហបុរី បានបណ្តាក់ទុនយ៉ាងច្រើន នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបានស្គាល់យ៉ាងច្បាស់ នូវបរិយាកាសវិនិយោគរបស់ប្រទេសយើង។
យ៉ាងណាមិញ លោកបានក្រើនរំលឹកដាស់តឿនថា ឥណ្ឌូនេស៊ី ក៏គួរតែខិតខំបង្កើនប្រកួតប្រជែង ខណៈបណ្តាប្រទេសជិតខាង កំពុងបន្តធ្វើកំណែទម្រង់គោលនយោបាយ នៅក្នុងប្រទេសរបស់ពួកគេ។
លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានជំរុញឱ្យលោកRoeslani បន្តខិតខំសម្រចឱ្យបានគោលដៅស្រូបទាញទុនវិនិយោគ ចំនួន១០៣ពាន់លានដុល្លារអាមេរិក ខណៈគោលដៅនេះ ទើបសម្រេចបាន៥០,៣ភាគរយប៉ុណ្ណោះ៕ប្រភព:Bernama៕