ទីផ្សារផ្ទះវីឡានៅកោះភូកេតក្លាយជាជម្រើសពេញ និយមជាងខុនដូ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការដាក់លក់ផ្ទះវីឡាថ្មីនៅកោះភូកេត ប្រទេសថៃ ក្នុងឆមាសទី១ ឆ្នាំនេះ បានកើនឡើងលើសចំនួនដាក់លក់សរុបនៅឆ្នាំ២០២៣ ដោយសារកំណើនតម្រូវការខ្ពស់ ពីប្រជាជនរុស្ស៊ី។

លោក Phattarachai Taweewong ប្រធាននាយកដ្ឋានស្រា​វជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Thailand បានអះអាងថា ទីផ្សារផ្ទះវីឡានៅកោះភូកេត នឹងបន្តមានតម្រូវការខ្ពស់ នៅក្នុងឆមាសទី២ឆ្នាំនេះ។

លោកបញ្ជាក់ថា “ការលក់ផ្ទះវីឡា នៅគម្រោងមួយចំនួនបានជួបភាពស្ងប់ស្ងាត់នៅខែឧសភា និងខែមិថុនា ដោយសារតែទឹកជំនន់។ ប៉ុន្តែសកម្មភាពលក់ បានកើនឡើងវិញយ៉ាងគំហុកនៅក្នុងខែកក្កដា”។

លោក Phattarachai បានគូសបញ្ជាក់ថា ទោះបីជាមានការហូរចូល នៃការផ្គត់ផ្គង់ថ្មីយ៉ាងណាក្តី ក៏តម្រូវការនៅតែមានភាពរឹងមាំ ហើយនិន្នាការវិជ្ជមាននេះ នឹងបន្តកើតមាន។

នៅឆមាសទីមួយ ឆ្នាំ២០២៤ ចំនួនផ្ទះវីឡាថ្មី ដែលបានដាក់លក់នៅកោះភូកេត បានកើនឡើងដល់១.២៨៥យូនីត ក្នុងទំហំទឹកប្រាក់ចំនួន៣៦,៣ពាន់លានបាត ចេញពីគម្រោងចំនួន៦៥ បើធៀបនឹងការដាក់លក់ផ្ទះវីឡា ត្រឹមតែ១.១០០យូនីតពេញមួយឆ្នាំ២០២៣ទាំងមូល។

ចំនួនខុនដូថ្មី ដែលបានបើកដំណើរការ ក្នុងឆមាសទីមួយបានកើនឡើងដល់៤.៦៩០យូនីត ចេញពីគម្រោងចំនួន២០ ក្នុងទំហំទឹកប្រាក់ចំនួន៣៦ពាន់លានបាត។ នេះជាលើកទី១ក្នុងរយៈពេល១៥ឆ្នាំ ដែលការផ្គត់ផ្គង់ខុនដូថ្មី មានទំហំទឹកប្រាក់ទាបជាងផ្ទះវីឡា។

សរុបមក ចំនួនខុនដូ និងផ្ទះវីឡា ដែលបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារកោះភូកេត ក្នុងឆមាសទី១ មានទំហំទឹកប្រាក់សរុបចំនួន៧២,៣ពាន់លានបាត ហើយរំពឹងថា នឹងកើនឡើងដល់១៥០ពាន់លានបាតនៅចុងឆ្នាំនេះ កើនឡើងពី១១០ពាន់លានបាតកាលពីឆ្នាំមុន។

ក្នុងចំណោមគម្រោងថ្មី នៅក្នុងឆមាសទីពីរនេះ ក្រុមហ៊ុន Sansiri Plc គ្រោងនឹងបើកលក់គម្រោងចំនួន៤ ក្នុងតម្លៃសរុបប្រហែល៤ពាន់លានបាត រួមមានគម្រោងវីឡាអាងហែលទឹកប្រណីត ដែលមានតម្លៃចន្លោះពី៣០លានបាត ទៅ៥០លានបាតក្នុងមួយយូនីត ព្រមទាំងគម្រោងខុនដូនៅឆ្នេរ Cherngtalay និងគម្រោងផ្ទះទោលថ្មីនៅទីក្រុង Ko Kaeo នៃកោះភូកេត៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here