ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុង បានកើនឡើង ខណៈទំនាក់ទំនងរវាងភាគីទាំងពីរបានបង្ហាញពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។
លោកបានគូសបញ្ជាក់ក្នុងសុន្ទរកថារយៈពេល១០នាទី ក្នុងកិច្ចប្រជុំកំពូលហុងកុង-អាស៊ាន ឆ្នាំ២០២៤ នៅទីក្រុងហុងកុង កាលពីថ្ងៃសប្តាហ៍មុនថា ប្រទេសកម្ពុជាក៏គ្រោងបង្កើនចំនួននៃការបើកជើងហោះហើរត្រង់រវាងទីក្រុងហុងកុង និងខេត្តសៀមរាបផងដែរ។
កិច្ចប្រជុំកំពូលហុងកុង-អាស៊ានឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយកាសែត South China Morning Post ដោយសហការជាដៃគូជាមួយមូលនិធិហុងកុង-អាស៊ាន និងមូលនិធិ Our Hong Kong Foundation។
-->
ទំនាក់ទំនងរវាងកម្ពុជា និងហុងកុងជាឧទាហរណ៍ដ៏ភ្លឺចិញ្ចាចនៃសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងហុងកុង និងកម្ពុជាសម្រេចបានទំហំទឹកប្រាក់លើសពី៣៤៦លានដុល្លារអាមេរិក កើនឡើង៥១ភាគរយធៀបនឹងឆ្នាំមុន។
ការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់រូបនេះបានធ្វើឡើង បន្ទាប់ពីលោក John Lee ប្រធានប្រតិបត្តិរដ្ឋបាលពិសេសហុងកុងបានបំពេញទស្សនកិច្ចផ្លូវការនៅតំបន់អាស៊ានកាលពីជាង១ខែមុន។ ក្នុងឱកាសនោះ លោកក៏បានជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
លោក Lee បានលើកឡើងថា “យើងអាចធ្វើការរួមគ្នាដើម្បីលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ ដោយសារតែប្រទេសកម្ពុជាមានធនធានទេសចរណ៍ច្រើនក្រៃលែង ខណៈទីក្រុងហុងកុងក៏មានគោលដៅទាក់ទាញជាច្រើនផងដែរ”។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោក ផាន់ណារ៉ា បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរ ដោយកត់សម្គាល់ថា ទីក្រុងហុងកុងបានស្វាគមន៍ភ្ញៀវទេសចរណ៍ពិភពលោកចំនួន៣៤លាននាក់ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះ ភ្ញៀវទេសចរណ៍ចំនួន២,៤លាននាក់បានធ្វើដំណើរមកពីតំបន់អាស៊ាន។
លោកបានបន្តថា “តាមរយៈការជំរុញការយល់ដឹងកាន់តែខ្លាំង និងការតភ្ជាប់ជើងហោះហើរដោយផ្ទាល់ យើងអាចបង្កើនលំហូរភ្ញៀវទេសចរណ៍រវាងតំបន់របស់យើង ពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង”។
លោកបន្ថែមថា “ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា អាស៊ាន និងហុងកុង មានច្រើនណាស់ មិនថាតាមរយៈការបង្កើនពាណិជ្ជកម្ម ជំរុញការបង្កើតថ្មី ឬការធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែស៊ីជម្រៅនោះទេ ខណៈផ្លូវឆ្ពោះទៅមុខជាផលប្រយោជន៍រួម និងវិបុលភាព”។
លោកបានថ្លែងកោតសរសើរថា “ទីក្រុងហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់។ការណ៍នេះបានធ្វើឱ្យហុងកុងក្លាយជា ដៃគូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការអនុវត្តន៍សក្តានុពលទេសចរណ៍សម្រាប់កម្ពុជា និងអាស៊ាន”។
លោក ប្រាក់ ផាន់ណារ៉ា បានមានប្រសាសន៍ឱ្យដឹងទៀតថា តាមរយៈការប្រើប្រាស់ឋានៈទីក្រុងហុងកុងជាមជ្ឈមណ្ឌលអាកាសចរណ៍ និងការធ្វើដំណើរ ការតភ្ជាប់រវាងប្រទេសកម្ពុជា និងតំបន់ផ្សេងទៀតអាចនឹងត្រូវបានពង្រឹងយ៉ាងឆាប់រហ័ស”៕ប្រភព: SCMP៕
