ក្រុម​មន្រ្តី​កម្ពុជា ​វៀតណាម​ចុះ​ពិនិត្យ​ការ​តភ្ជាប់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងស្រែ ក្នុង​ខេត្ត​ក្រចេះ​

ចែករំលែក

ដោយៈ ម៉ាណា

    ក្រចេះ, ក្រុមការងារគម្រោងជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា (3CEP) បន្តចុះសិក្សាស្វែងយល់ និងជួបពិភាក្សាការងារ ស្ដីពីស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិហ័រឡឺ (វៀតណាម) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីច្រកទ្វារនេះ ទៅកាន់ទីប្រជុំជន និងតំបន់សេដ្ឋកិច្ចនៅលើទឹកដីនៃប្រទេសវៀតណាម។

ព័ត៌មាននេះត្រូវបានបង្ហាញឲ្យដឹង ក្នុងឱកាសលោកតាំង សាមឿន អនុរដ្ឋលេខាធិការ និងជានាយករងគម្រោ ង បានបន្តអញ្ជើញដឹកនាំក្រុមការងារ នៃគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន នៅព្រះរាជាណាចក្រកម្ពុជា (Cambodia Cross-border Connectivity Enhancement Project, ហៅកាត់ថា3CEP)អមជាមួយលោក ណៃ ចំណង់ អគ្គនាយករងសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង និងអ្នកជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ព្រមទាំងក្រុមការងារ នៃសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV ចុះសិក្សាស្វែងយល់ និងជួបពិភាក្សាការងារ ស្ដីពីស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិហ័រឡឺ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ដែលជាគូច្រកទ្វារជាមួយច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ របស់កម្ពុជា) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីគូសច្រកទ្វារខាងលើទៅកាន់តំបន់ទីប្រជុំជន និងតំបន់សេដ្ឋកិច្ចនៅលើទឹកដីនៃប្រទេសវៀតណាម ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធរបស់ភាគីវៀតណាម ទទួលបន្ទុកច្រកទ្វារព្រំដែនអន្តរជាតិហ័រឡឺ។

កម្មវិធីចុះពិនិត្យនេះ យមានការអញ្ជើញចូលរួមពី រដ្ឋបាលខេត្តត្បូងក្រចេះ តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។

គោលបំណងនៃការចុះសិក្សានេះ គឺដើម្បី (១)ស្វែងយល់ពីស្ថានភាពទូទៅ និងប្រតិបត្តិការដឹកជញ្ជូនប្រចាំថ្ងៃ ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិហ័រឡឺ (វៀតណាម)-ត្រពាំងស្រែ (កម្ពុជា) នេះ (២)ស្ថានភាពតម្រាយផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ១៣ របស់វៀតណាម មកកាន់ផ្លូវជាតិលេខ៧៤ របស់កម្ពុជា (៣)ការរៀបចំស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិហ័រឡឺ។

(៤)ដំណើរការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច ច្រកទ្វារព្រំដែនហ័រឡឺ (Hoa Lu Border Gate Economic Zone) សម្រាប់ជំរុញវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងដឹកជញ្ជូនតភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ និងតំបន់ខ្ពង់រាបកណ្តាល នៃប្រទេសវៀតណាម (៥)ស្វែងយល់ពីតម្រូវការ និងទំហំសេដ្ឋកិច្ចដឹកជញ្ជូនទំនិញ ឆ្លងកាត់របស់ខេត្តដុងណៃ ដែលធ្វើប្រតិបត្តិការដឹកជញ្ជូន កាត់តាមច្រកទ្វារហ័រឡឺ-ត្រពាំងស្រែ និង (៦)សិក្សាស្វែងយល់ពីចក្ខុវិស័យរបស់ភាគីវៀតណាម ក្នុងការអភិវឌ្ឍច្រកទ្វារនេះ និងតំបន់ជុំវិញច្រកទ្វារនេះនាពេលអនាគត។

ជាលទ្ធផល ក្រុមការងារនៃគម្រោង3CEP សហការជាមួយនឹងក្រុមការងារនៃសម្ព័ន្ធ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសKCI-BOTEK JV នឹងយកធាតុចូលទាំងអស់ ដែលទទួលបានពីការចុះសិក្សា និងពីអាជ្ញាធរនៃច្រកទ្វារព្រំដែនអន្តរជាតិហ័រឡឺនេះ សម្រាប់យកមកពិចា​រណារៀបចំជាផែនការអភិវឌ្ឍ និងពង្រីកស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ឱ្យមានភាពសមាមាត្រ ឬប្រហាក់ប្រហែលនឹងច្រកទ្វាររបស់ភាគីវៀតណាម។

ក្រុមការងារនៃគម្រោង3CEP របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តចុះទៅសិក្សា និងស្វែងយល់បន្ថែមទៀត នៅច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន២ទៀត របស់ភាគីវៀតណាម ក្នុងសប្ដាហ៍នេះ៕


ចែករំលែក