អាកាសយានដ្ឋានក្នុងរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី គ្រោងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មនៅចុងឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋានក្នុងរដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មនៅចុងឆ្នាំ២០២៤ ហើយនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្ត East Kalimantan។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា បន្ទាប់ពីបានចុះចតជាលើកដំបូងនៅអាកាសយានដ្ឋាន Nusantara ដែលកំពុងស្ថិតក្រោមការដ្ឋានសាងសង់នៅឡើយ លោក ប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា លោកបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លាស់ប្តូរឋានៈអាកាសយានដ្ឋាន Nusantara ទៅជាព្រលានយន្តហោះបែបពាណិជ្ជកម្ម។

ដើមឡើយ អាកាសយានដ្ឋាន​នេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងបម្រើដល់ការធ្វើដំណើររបស់បុគ្គល​សំខាន់​ខ្លាំង ឬបុគ្គលលំដាប់ VVIPs ដោយសំដៅ​លើ​បុគ្គល​ដែល​មាន​អំណាច​នៃការចំណាយ​ខ្ពស់ បុគ្គលមានឋានៈ​នយោបាយ​ខ្ពស់ ឬ​អ្នកមានឋានៈខ្ពង់ខ្ពស់ក្នុង​សង្គម។

លោក Joko Widodo បានលើកឡើងថា នៅពេលបើកដំណើរការនៅចុងឆ្នាំ២០២៤ អាកាសយានដ្ឋាននេះត្រូវបានគេរំពឹងថា នឹងអាចផ្ទុកអ្នកដំណើរបានចំនួន២០មុឺននាក់ ជាមួយនឹងគោលដៅរយៈពេលវែងក្នុងការគ្រប់គ្រងអ្នកដំណើរចំនួន៧លាននាក់ក្នុងមួយឆ្នាំ។

ប្រធានាធិបតីឥណ្ឌូនេស៊ីចាំផ្ទះរូបនេះបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរឋានៈរបស់អាកាសយានដ្ឋានខាងលើ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍រស់នៅជុំវិញនៅរដ្ឋធានីថ្មី Nusantara ។

ដំបូងឡើយ អាកាសយានដ្ឋាន​Nusantara គ្រោង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ខែ​សីហា​ មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិលើក​ទី៧៩ របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេលវិញ ដោយសារគម្រោងនេះមិនទាន់ត្រូវបានសាងសង់រួចរាល់។

គម្រោងអាកាសយានដ្ឋានក្នុងរដ្ឋធានីថ្មី Nusantara កំពុងត្រូវបានសាងសង់ឡើងក្នុងទំហំទុនវិនិយោគចំនួន៤,៣ទ្រីលានរូពី (ប្រហែល២៨៤,៧លានដុល្លារអាមេរិក)។ អាកាសយានដ្ឋាននេះមានផ្លូវរត់ប្រវែង៣.០០០ម៉ែត្រ និងទទឹង៤៥ម៉ែត្រ ដោយមានទំហំធំល្មមសម្រាប់ផ្ទុកយន្តហោះដែលមានតួខ្លួនខ្នាតធំ៕ប្រភព: The Strait Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here