ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋានក្នុងរដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មនៅចុងឆ្នាំ២០២៤ ហើយនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្ត East Kalimantan។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា បន្ទាប់ពីបានចុះចតជាលើកដំបូងនៅអាកាសយានដ្ឋាន Nusantara ដែលកំពុងស្ថិតក្រោមការដ្ឋានសាងសង់នៅឡើយ លោក ប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា លោកបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លាស់ប្តូរឋានៈអាកាសយានដ្ឋាន Nusantara ទៅជាព្រលានយន្តហោះបែបពាណិជ្ជកម្ម។
ដើមឡើយ អាកាសយានដ្ឋាននេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងបម្រើដល់ការធ្វើដំណើររបស់បុគ្គលសំខាន់ខ្លាំង ឬបុគ្គលលំដាប់ VVIPs ដោយសំដៅលើបុគ្គលដែលមានអំណាចនៃការចំណាយខ្ពស់ បុគ្គលមានឋានៈនយោបាយខ្ពស់ ឬអ្នកមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម។
លោក Joko Widodo បានលើកឡើងថា នៅពេលបើកដំណើរការនៅចុងឆ្នាំ២០២៤ អាកាសយានដ្ឋាននេះត្រូវបានគេរំពឹងថា នឹងអាចផ្ទុកអ្នកដំណើរបានចំនួន២០មុឺននាក់ ជាមួយនឹងគោលដៅរយៈពេលវែងក្នុងការគ្រប់គ្រងអ្នកដំណើរចំនួន៧លាននាក់ក្នុងមួយឆ្នាំ។
ប្រធានាធិបតីឥណ្ឌូនេស៊ីចាំផ្ទះរូបនេះបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរឋានៈរបស់អាកាសយានដ្ឋានខាងលើ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍រស់នៅជុំវិញនៅរដ្ឋធានីថ្មី Nusantara ។
ដំបូងឡើយ អាកាសយានដ្ឋានNusantara គ្រោងចាប់ផ្តើមប្រតិបត្តិការនៅខែសីហា មុនថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ របស់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី១៧ ខែសីហា ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយសារគម្រោងនេះមិនទាន់ត្រូវបានសាងសង់រួចរាល់។
គម្រោងអាកាសយានដ្ឋានក្នុងរដ្ឋធានីថ្មី Nusantara កំពុងត្រូវបានសាងសង់ឡើងក្នុងទំហំទុនវិនិយោគចំនួន៤,៣ទ្រីលានរូពី (ប្រហែល២៨៤,៧លានដុល្លារអាមេរិក)។ អាកាសយានដ្ឋាននេះមានផ្លូវរត់ប្រវែង៣.០០០ម៉ែត្រ និងទទឹង៤៥ម៉ែត្រ ដោយមានទំហំធំល្មមសម្រាប់ផ្ទុកយន្តហោះដែលមានតួខ្លួនខ្នាតធំ៕ប្រភព: The Strait Times៕