ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលក្រុងហុងកុងគ្រោងដាក់លក់ដីលំនៅដ្ឋានមួយទីតាំង ដោយបោះជំហានមួយទៀតឆ្ពោះទៅរកការបន្ធូរបន្ថយការផ្គត់ផ្គង់លំនៅដ្ឋានរបស់ទីក្រុង មុនពេលមានការធ្លាក់ចុះនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ។
លោកស្រី Bernadette Linn Hon-ho មន្ដ្រីជាន់ខ្ពស់នៃរដ្ឋបាលក្រុងហុងកុង បានគូសបញ្ជាក់ថា ដីឡូតិ៍ទាំងនោះមានទីតាំងនៅសង្កាត់ Tai Wai សង្កាត់ Sha Tin តំបន់ដែនដីថ្មី និងនៅសង្កាត់ Hung Shui Kiu ដោយគ្រោងដាក់លក់ចាប់ពីខែតុលានេះដល់ដំណាច់ចុងខែធ្នូខាងមុខ។
ដីឡូតិ៍ទំហំ៣.៥៨០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅលើផ្លូវ Mei Tin នឹងផ្គត់ផ្គង់ផ្ទះល្វែងបានសរុបចំនួន៣៦០យូនីត។ដើមឡើយ ដីឡូតិ៍នៅទីនោះពុំមែនជាផ្នែកមួយនៃកម្មវិធីប្រកាសលក់ដីកាលពីខែកុម្ភៈនោះទេ ដោយសារការសិក្សាបច្ចេកទេសនៅពេលនោះមិនទាន់ត្រូវបានបញ្ចប់។
លោកស្រី Bernadette បន្តថា “ក្រោយពេលយើងបានបញ្ចប់ការសិក្សាពាក់ព័ន្ធផ្សេងៗរួចមក យើងយល់ឃើញថា មានភាពស័ក្តិសម ក្នុងការដាក់បញ្ចូលដីឡូតិ៍នេះទៅក្នុងកម្មវិធីលក់ដី ហើយដាក់ឱ្យដេញថ្លៃនៅក្នុងត្រីមាសទី៤នេះ”។
លោកស្រីបញ្ជាក់ថា “យើងបានតាមដានប្រតិកម្មរបស់ទីផ្សារចំពោះការលក់ទីតាំងដីលំនៅដ្ឋាននៅសង្កាត់ Sha Tin ក្នុងរយៈពេល២ត្រីមាសដំបូង ក៏ដូចជាចំណាប់អារម្មណ៍របស់អ្នកអភិវឌ្ឍន៍នាពេលបច្ចុប្បន្នទៅលើដីឡូតិ៍ខ្នាតតូច ដែលមានបណ្តាញដឹកជញ្ជូន និងគ្រឿងបរិក្ខារនានា”។
ក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Properties ជាអ្នកឈ្នះការប្រកួតប្រជែងក្នុងចំណោមអ្នកដេញថ្លៃចំនួន១១ក្រុមហ៊ុន លើផ្ទៃដីទំហំ២.៤២៥ម៉ែត្រការ៉េនៅសង្កាត់ Sha Tin ជាដីលំនៅដ្ឋានតែមួយគត់ ដែលត្រូវបានដាក់លក់ក្នុងអំឡុងខែមេសាដល់ខែមិថុនា៕ប្រភព: SCMP៕