រដ្ឋបាលទីក្រុងហុងកុង​គ្រោងនឹង​ដាក់លក់​ដី​​បន្ថែមទៀត ដើម្បី​បន្តជំរុញការផ្គត់ផ្គង់​លំនៅដ្ឋាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលក្រុងហុងកុងគ្រោងដាក់លក់ដីលំនៅដ្ឋានមួយទីតាំង ដោយបោះជំហានមួយទៀតឆ្ពោះទៅរកការបន្ធូរបន្ថយការផ្គត់ផ្គង់លំនៅដ្ឋានរបស់ទីក្រុង មុនពេលមានការធ្លាក់ចុះនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ។

លោកស្រី Bernadette Linn Hon-ho មន្ដ្រីជាន់ខ្ពស់នៃរដ្ឋបាលក្រុងហុងកុង បានគូសបញ្ជាក់ថា ដីឡូតិ៍ទាំងនោះមានទីតាំងនៅសង្កាត់ Tai Wai សង្កាត់ Sha Tin តំបន់ដែនដីថ្មី និងនៅសង្កាត់ Hung Shui Kiu ដោយគ្រោងដាក់លក់ចាប់ពីខែតុលានេះដល់ដំណាច់ចុងខែធ្នូខាងមុខ។

ដីឡូតិ៍ទំហំ៣.៥៨០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅលើផ្លូវ Mei Tin នឹងផ្គត់ផ្គង់ផ្ទះល្វែងបានសរុបចំនួន៣៦០យូនីត។ដើមឡើយ ដីឡូតិ៍នៅទីនោះពុំមែនជាផ្នែកមួយនៃកម្មវិធីប្រកាសលក់ដីកាលពីខែកុម្ភៈនោះទេ ដោយសារការសិក្សាបច្ចេកទេសនៅពេលនោះមិនទាន់ត្រូវបានបញ្ចប់។

លោកស្រី​ Bernadette បន្ត​ថា​ “ក្រោយពេល​យើងបានបញ្ចប់​ការ​សិក្សា​ពាក់ព័ន្ធផ្សេងៗរួចមក យើង​យល់​ឃើញ​ថា​ មានភាពស័ក្តិសម ក្នុង​ការ​ដាក់​បញ្ចូល​ដីឡូតិ៍នេះ​ទៅក្នុង​កម្មវិធី​លក់​ដី ហើយ​ដាក់​ឱ្យ​ដេញថ្លៃ​នៅក្នុង​ត្រីមាស​ទី៤នេះ​”។

លោកស្រីបញ្ជាក់ថា “យើងបានតាមដានប្រតិកម្មរបស់ទីផ្សារចំពោះការលក់ទីតាំងដីលំនៅដ្ឋាននៅសង្កាត់ Sha Tin ក្នុងរយៈពេល២ត្រីមាសដំបូង ក៏ដូចជាចំណាប់អារម្មណ៍របស់អ្នកអភិវឌ្ឍន៍នាពេលបច្ចុប្បន្នទៅលើដីឡូតិ៍ខ្នាតតូច ដែលមានបណ្តាញដឹកជញ្ជូន និងគ្រឿងបរិក្ខារនានា”។

ក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Properties ជាអ្នកឈ្នះការប្រកួតប្រជែងក្នុងចំណោមអ្នកដេញថ្លៃចំនួន១១ក្រុមហ៊ុន លើផ្ទៃដីទំហំ២.៤២៥ម៉ែត្រការ៉េនៅសង្កាត់ Sha Tin ជាដីលំនៅដ្ឋានតែមួយគត់ ដែលត្រូវបានដាក់លក់ក្នុងអំឡុងខែមេសាដល់ខែមិថុនា៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here