ចំនួនផ្ទះ​លក់​ចេញមិនដាច់នៅក្នុងប្រទេសថៃ ហក់ឡើងដល់ទំហំទឹកប្រាក់ជិត៤៩ពាន់​​លាន​ដុល្លារអាមេរិក

0

ោយ: គង់ លាងហួរ
បាងកក: វិស័យអចលនទ្រព្យទាំងមូលរបស់ប្រទេសថៃកំពុងប្រឈមមុខជាមួយនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ខណៈទីផ្សារលំនៅដ្ឋាន ជាពិសេសការលក់ផ្ទះដែលមានតម្លៃក្រោម៧,៥លានបាតក្នុងមួយយូនីតបានដាំក្បាលចុះ។

លោក Wichai Wiratkapan នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានលើកឡើងថា ការលក់ផ្ទះ ដែលមានតម្លៃក្រោម៧,៥លានបាត(ប្រហែល២២៥.១២៤ដុល្លារ)ក្នុងមួយយូនីតនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បានបង្ហាញសញ្ញាអវិជ្ជមាន។ ការណ៍នេះឆ្លុះបញ្ចាំងថា វិធានការជំរុញរបស់រដ្ឋាភិបាលថៃមិនទទួលបានលទ្ធផលជាដុំកំភួនទេ។

ចំនួនលំនៅដ្ឋានដែលលក់មិនដាច់បានកើនឡើងដល់ទំហំទឹកប្រាក់១,៥៧ទ្រីលានបាត(ប្រហែល៤៨,៩៦ពាន់លានដុល្លារ) កើនឡើងជិត២ដងបើធៀបនឹងទំហំទឹកប្រាក់៨៣០ពាន់លានបាតកាលពីមួយទសវត្សរ៍មុន។

លោក Wichai Wiratkapan បានគូសបញ្ជាក់ថា “ចំនួនផ្ទះសរុបដែលលក់មិនដាច់កាលពី១០ឆ្នាំមុន មានចំនួន២៥មុឺនយូនីត និងកើនឡើងដល់ប្រហែល៣៥៥.០០០យូនីតនៅឆ្នាំ២០២៤ ស្របពេលទីផ្សារអចលនទ្រព្យទាំងមូលកំពុងធ្លាក់ចុះ”។

លោក Prasert Taedullayasatit ប្រធាន​សមាគម​ខុនដូ​ថៃ​បាន​ព្យាករ​ណ៍ថា ​ទីផ្សារ​ខុនដូនៅប្រទេសថៃនឹងដាំក្បាលចុះចន្លោះពី១៥ភាគរយទៅ២០ភាគរយ​សម្រាប់​ឆ្នាំ​២០២៤នេះ។

លោក​បាន​អំពាវ​នាវ​ឱ្យមាន​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ ដោយ​លោកបានផ្តល់​ជាយោបល់​ថា “រដ្ឋាភិបាលគួរតែចូល​រួម​ក្នុង​ការ​ដាក់ចេញ​វិធានការ​ជំរុញ​ តាមរយៈ​ការ​កែ​តម្រូវ​លក្ខណៈ​វិនិច្ឆ័យ​ឲ្យ​ជនបរទេស​អាចទិញ​ខុនដូចំនួន៧៥%នៃគម្រោងណាមួយ ក្នុង​ទីផ្សារ​បច្ចុប្បន្ន ព្រម​ទាំង​ស្វែង​រកវិធី​ប្រមូល​ពន្ធ​ពី​អ្នក​ឈរឈ្មោះ​ទិញអចលនទ្រព្យ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here