ោយ: គង់ លាងហួរ
បាងកក: វិស័យអចលនទ្រព្យទាំងមូលរបស់ប្រទេសថៃកំពុងប្រឈមមុខជាមួយនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ខណៈទីផ្សារលំនៅដ្ឋាន ជាពិសេសការលក់ផ្ទះដែលមានតម្លៃក្រោម៧,៥លានបាតក្នុងមួយយូនីតបានដាំក្បាលចុះ។
លោក Wichai Wiratkapan នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានលើកឡើងថា ការលក់ផ្ទះ ដែលមានតម្លៃក្រោម៧,៥លានបាត(ប្រហែល២២៥.១២៤ដុល្លារ)ក្នុងមួយយូនីតនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បានបង្ហាញសញ្ញាអវិជ្ជមាន។ ការណ៍នេះឆ្លុះបញ្ចាំងថា វិធានការជំរុញរបស់រដ្ឋាភិបាលថៃមិនទទួលបានលទ្ធផលជាដុំកំភួនទេ។
ចំនួនលំនៅដ្ឋានដែលលក់មិនដាច់បានកើនឡើងដល់ទំហំទឹកប្រាក់១,៥៧ទ្រីលានបាត(ប្រហែល៤៨,៩៦ពាន់លានដុល្លារ) កើនឡើងជិត២ដងបើធៀបនឹងទំហំទឹកប្រាក់៨៣០ពាន់លានបាតកាលពីមួយទសវត្សរ៍មុន។
លោក Wichai Wiratkapan បានគូសបញ្ជាក់ថា “ចំនួនផ្ទះសរុបដែលលក់មិនដាច់កាលពី១០ឆ្នាំមុន មានចំនួន២៥មុឺនយូនីត និងកើនឡើងដល់ប្រហែល៣៥៥.០០០យូនីតនៅឆ្នាំ២០២៤ ស្របពេលទីផ្សារអចលនទ្រព្យទាំងមូលកំពុងធ្លាក់ចុះ”។
លោក Prasert Taedullayasatit ប្រធានសមាគមខុនដូថៃបានព្យាករណ៍ថា ទីផ្សារខុនដូនៅប្រទេសថៃនឹងដាំក្បាលចុះចន្លោះពី១៥ភាគរយទៅ២០ភាគរយសម្រាប់ឆ្នាំ២០២៤នេះ។
លោកបានអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ដោយលោកបានផ្តល់ជាយោបល់ថា “រដ្ឋាភិបាលគួរតែចូលរួមក្នុងការដាក់ចេញវិធានការជំរុញ តាមរយៈការកែតម្រូវលក្ខណៈវិនិច្ឆ័យឲ្យជនបរទេសអាចទិញខុនដូចំនួន៧៥%នៃគម្រោងណាមួយ ក្នុងទីផ្សារបច្ចុប្បន្ន ព្រមទាំងស្វែងរកវិធីប្រមូលពន្ធពីអ្នកឈរឈ្មោះទិញអចលនទ្រព្យ៕ប្រភព: The Nation៕