ដោយ: គង់ លាងហួរ
ហាណូយ: ប្រទេសវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដូចជាការបញ្ចុះតម្លៃសណ្ឋាគារ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ត្រឡប់ទៅកាន់ខេត្ត Ha Giang ក្រោយពីខេត្តមួយនេះរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារព្យុះកំណាចទីហ្វុង Yagi។
លោក Lai Quoc Tinh ប្រធានសមាគមទេសចរណ៍ខេត្ត Ha Giang បានប្រកាសក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នៅទីក្រុងហាណូយថា “សណ្ឋាគារនឹងផ្តល់ការបញ្ចុះតម្លៃពី ១០%ទៅ៣០% ដល់ដំណាច់រដូវកាលសម្បូរភ្ញៀវទេសចរណ៍(Peak season)”។
លោកបានបន្តថា សណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្ត Ha Giang បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរណ៍មកកំសាន្ត និងស្នាក់នៅ។
-->
រដូវកាលសម្បូរភ្ញៀវទេសចរណ៍នៅខេត្ត Ha Giang ដែលជាតំបន់ភ្នំនៅក្នុងប្រទេសវៀតណាម រួមមាននៅនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ ចាប់ពីខែមីនាដល់ខែឧសភា និងចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។
ចាប់តាំងពីដើមខែតុលា ភ្នាក់ងារទេសចរណ៍ជាច្រើនបានធ្វើដំណើរទៅកាន់ខេត្ត Ha Giang ដើម្បីវាយតម្លៃស្ថានភាព។ ខេត្តនេះបានដាំផ្កា Buckwheat ឡើងវិញជាថ្មី និងជួសជុលរមណីយដ្ឋានទេសចរណ៍សំខាន់ៗ និងទីតាំងសម្គាល់ប្រវត្តិសាស្ត្រ។
ខេត្តនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ក្នុងខែសីហា និងព្យុះទីហ្វុង Yagi ក្នុងខែកញ្ញា។ ភ្ញៀវទេសចរណ៍ជាច្រើនបានសម្រុកលុបចោលការធ្វើដំណើររបស់ពួកគេក្នុងខែកញ្ញា ដែលបណ្តាលឱ្យភោជនីយដ្ឋានមួយចំនួននៅខេត្ត Ha Giang ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារតែកង្វះអតិថិជន និងប្រាក់ចំណូលធ្លាក់ចុះ។
ចំនួនភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាក្នុងអំឡុងពេលនេះភាគច្រើនជាជនបរទេស ដោយសារប្រជាជនក្នុងស្រុកនៅតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ និងព្យុះទីហ្វុងនាពេលថ្មីៗនេះ។
លោក Nguyen Hong Hai ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានមានប្រសាសន៍ឱ្យដឹងថា យើងបានដាក់ចេញវិធានការសុវត្ថិភាពចាំបាច់ទាំងអស់ ហើយយើងមិនមានការរឹតបន្តឹងការធ្វើដំណើរនោះទេ។
ក្នុងឆ្នាំ២០២៣ ខេត្ត Ha Giang បានទាក់ទាញភ្ញៀវទេសចរណ៍ជាង៣លាននាក់ ដោយបង្កើតប្រាក់ចំណូលជិត៧,១ទ្រីលានដុង (ប្រហែល២៩៥លានដុល្លារអាមេរិក) និងចូលរួមចំណែកចំនួន១០%ទៅក្នុងផលទុនជាតិសរុប (GDP)របស់ខេត្តនៃតំបន់ភ្នំមួយនេះ៕ប្រភព: Vnexpress ៕
