វៀតណាមសម្រេចបញ្ចុះតម្លៃសណ្ឋាគារដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឡើងវិញ ក្រោយរងគ្រោះដោយព្យុះទឹកជំនន់

0

ដោយ: គង់ លាងហួរ
ហាណូយ: ប្រទេសវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដូចជាការបញ្ចុះតម្លៃសណ្ឋាគារ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ត្រឡប់ទៅកាន់ខេត្ត Ha Giang ក្រោយពីខេត្តមួយនេះរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារព្យុះកំណាចទីហ្វុង Yagi។

លោក Lai Quoc Tinh ប្រធានសមាគមទេសចរណ៍ខេត្ត Ha Giang បានប្រកាសក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នៅទីក្រុងហាណូយថា “សណ្ឋាគារនឹងផ្តល់ការបញ្ចុះតម្លៃពី ១០%ទៅ៣០% ដល់ដំណាច់រដូវកាលសម្បូរភ្ញៀវទេសចរណ៍(Peak season)”។

លោក​បាន​បន្ត​ថា សណ្ឋាគារ និង​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​ Ha Giang បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​សម្រាប់​ស្វាគមន៍ភ្ញៀវ​ទេសចរណ៍មកកំសាន្ត និងស្នាក់នៅ។

រដូវកាលសម្បូរភ្ញៀវទេសចរណ៍នៅខេត្ត Ha Giang ដែលជាតំបន់ភ្នំនៅក្នុងប្រទេសវៀតណាម រួមមាននៅនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ ចាប់ពីខែមីនាដល់ខែឧសភា និងចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។

ចាប់តាំងពីដើមខែតុលា ភ្នាក់ងារទេសចរណ៍ជាច្រើនបានធ្វើដំណើរទៅកាន់ខេត្ត Ha Giang ដើម្បីវាយតម្លៃស្ថានភាព។ ខេត្ត​នេះបាន​ដាំ​ផ្កា Buckwheat ឡើងវិញជាថ្មី និង​ជួសជុល​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ និង​ទីតាំង​សម្គាល់​ប្រវត្តិសាស្ត្រ។

ខេត្ត​នេះ​បានរង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារទឹក​ជំនន់​ក្នុង​ខែ​សីហា និង​ព្យុះ​ទីហ្វុង Yagi ក្នុង​ខែ​កញ្ញា។ ភ្ញៀវទេសចរណ៍ជាច្រើនបានសម្រុកលុបចោលការធ្វើដំណើររបស់ពួកគេក្នុងខែកញ្ញា ដែលបណ្តាលឱ្យភោជនីយដ្ឋានមួយចំនួននៅខេត្ត Ha Giang ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារតែកង្វះអតិថិជន និងប្រាក់ចំណូលធ្លាក់ចុះ។

ចំនួនភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាក្នុងអំឡុងពេលនេះភាគច្រើនជាជនបរទេស ដោយសារប្រជាជនក្នុងស្រុកនៅតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ និងព្យុះទីហ្វុងនាពេលថ្មីៗនេះ។

លោក Nguyen Hong Hai ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានមានប្រសាសន៍ឱ្យដឹងថា យើងបានដាក់ចេញវិធានការសុវត្ថិភាពចាំបាច់ទាំងអស់ ហើយយើងមិនមានការរឹតបន្តឹងការធ្វើដំណើរនោះទេ។

ក្នុងឆ្នាំ២០២៣ ខេត្ត Ha Giang បានទាក់ទាញភ្ញៀវទេសចរណ៍ជាង៣លាននាក់ ដោយបង្កើតប្រាក់ចំណូលជិត៧,១ទ្រីលានដុង (ប្រហែល២៩៥លានដុល្លារអាមេរិក) និងចូលរួមចំណែកចំនួន១០%ទៅក្នុងផលទុនជាតិសរុប (GDP)របស់ខេត្តនៃតំបន់ភ្នំមួយនេះ៕ប្រភព: Vnexpress ៕

LEAVE A REPLY

Please enter your comment!
Please enter your name here