ការអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីបានជំរុញឱ្យសេដ្ឋកិច្ចក្នុងខេត្ត East Kalimantan ហក់ឡើងខ្ពស់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ​ការ​អភិវឌ្ឍ​​ន៍រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី ​នៅក្នុងខេត្ត​ East Kalimantan ស្ថិតលើកោះBorneo ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយលោក​​អតីតប្រធានាធិបតី​ Joko Widodo ក្នុង​ឆ្នាំ២០២២ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខេត្ត​មួយនេះ ​កើន​ឡើង​នៅ​ឆ្នាំ​២០២៣​ លើស​អត្រាកំណើន​សេដ្ឋកិច្ចថ្នាក់​ជាតិ​។

យោងតាមទីភ្នាក់ងារសារពត៌មាន​ Jakarta Globe បាន​ចុះ​ផ្សាយ​​ថា​ សេដ្ឋកិច្ចរបស់​ខេត្ត​East Kalimantan បាន​កើន​ឡើង៦,២២ភាគរយ​ នៅ​ឆ្នាំ​២០២៣ កើនពីកម្រិត៤,៤៨ភាគរយ​ នៅ​ឆ្នាំ​២០២២ បើធៀបនឹង​អត្រាកំណើន​សេដ្ឋកិច្ច ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ចំនួន៥,០៥ភាគរយ​។

សេដ្ឋកិច្ចរបស់ខេត្តខាងលើ បាន​បន្ត​កើនឡើងនៅត្រីមា​ស​ទី១​ ឆ្នាំ​២០២៤ ក្នុងរង្វង់​៧,២៦ភាគរយ​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​គិតចាប់តាំង​ពី​ឆ្នាំ​២០១៣។ ​

លោក Budi Widihartanto ​តំណាងមកពីការិយាល័យនៃ​ធនាគារ​កណ្ដាល​ឥណ្ឌូនេស៊ី​ ប្រចាំ​ខេត្ត​​East Kalimantan បាន​អះអាង​ថា​ កំណើននេះត្រូវបានជំរុញ ដោយតម្រូវការខ្ពស់នៅក្នុងវិស័យនានា ដូចជា ការជីកយករ៉ែ និងវិស័យសំណង់ ដែល​ជំរុញបន្ថែមដោយសារការបន្តអភិវឌ្ឍន៍មូលធន។

លោក Budi ក៏បានលើកឡើងផង​ដែរ​ថា សកម្មភាពសេដ្ឋកិច្ចរបស់សហគមន៍​ក្នុង​តំបន់​ កំពុងទទួលបានអត្ថប្រយោជន៍ ជាពិសេស តាមរយៈការកើនឡើង នៃសហគ្រាសខ្នាតតូច ​និងមធ្យម (SMEs)។

កាលពីឆ្នាំ២០២៣ វិស័យពាណិជ្ជកម្មរបស់ខេត្ត​មួយនេះ​បានកើនឡើង៦,៨៥ភាគរយ​។ តួលេខនេះជាកំណើនខ្ពស់បំផុតមិនធ្លាប់ជួបប្រទះ គិតចាប់តាំងពីផ្ទុះវិបត្តិ​ជំងឺកូវីដ-១៩។ ​

ជាមួយ​គ្នា​នេះ​ លោកស្រី ​Yusniar Juliana ប្រធានទីភ្នាក់ងារស្ថិតិជាតិឥណ្ឌូនេស៊ី (BPS) ​ប្រចាំ​ខេត្ត​​ East Kalimantan បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ខេត្តEast Kalimantan បានចូលរួមចំណែកចំនួន៤៨,១២ភាគរយ ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់​Kalimantan ទាំងមូល។

ការអភិវឌ្ឍន៍​រដ្ឋធានី Nusantara ​ក៏បានជះឥទ្ធិពលជាវិជ្ជមា​ន ដល់វិស័យទេសចរណ៍ផងដែរ ដោយអត្រា​គ្របដណ្តប់ការស្នាក់​នៅ​សណ្ឋាគារ​ក្នុងខេត្តនេះ បានកើនឡើងដល់៦៧ភាគរយ នៅខែសីហា ឆ្នាំ២០២៤ ដែលជាកម្រិតខ្ពស់បំផុតបន្ទាប់ពី​ទីក្រុង​កោះ​បាលី​៕ប្រភព: Jakarta Globe៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here