ដោយ: គង់ លាងហួរ
អន្តរជាតិ: ការអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី នៅក្នុងខេត្ត East Kalimantan ស្ថិតលើកោះBorneo ដែលផ្ដួចផ្ដើមឡើងដោយលោកអតីតប្រធានាធិបតី Joko Widodo ក្នុងឆ្នាំ២០២២ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ខេត្តមួយនេះ កើនឡើងនៅឆ្នាំ២០២៣ លើសអត្រាកំណើនសេដ្ឋកិច្ចថ្នាក់ជាតិ។
យោងតាមទីភ្នាក់ងារសារពត៌មាន Jakarta Globe បានចុះផ្សាយថា សេដ្ឋកិច្ចរបស់ខេត្តEast Kalimantan បានកើនឡើង៦,២២ភាគរយ នៅឆ្នាំ២០២៣ កើនពីកម្រិត៤,៤៨ភាគរយ នៅឆ្នាំ២០២២ បើធៀបនឹងអត្រាកំណើនសេដ្ឋកិច្ច ថ្នាក់ជាតិប្រចាំឆ្នាំចំនួន៥,០៥ភាគរយ។
សេដ្ឋកិច្ចរបស់ខេត្តខាងលើ បានបន្តកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៤ ក្នុងរង្វង់៧,២៦ភាគរយ ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៣។
លោក Budi Widihartanto តំណាងមកពីការិយាល័យនៃធនាគារកណ្ដាលឥណ្ឌូនេស៊ី ប្រចាំខេត្តEast Kalimantan បានអះអាងថា កំណើននេះត្រូវបានជំរុញ ដោយតម្រូវការខ្ពស់នៅក្នុងវិស័យនានា ដូចជា ការជីកយករ៉ែ និងវិស័យសំណង់ ដែលជំរុញបន្ថែមដោយសារការបន្តអភិវឌ្ឍន៍មូលធន។
លោក Budi ក៏បានលើកឡើងផងដែរថា សកម្មភាពសេដ្ឋកិច្ចរបស់សហគមន៍ក្នុងតំបន់ កំពុងទទួលបានអត្ថប្រយោជន៍ ជាពិសេស តាមរយៈការកើនឡើង នៃសហគ្រាសខ្នាតតូច និងមធ្យម (SMEs)។
កាលពីឆ្នាំ២០២៣ វិស័យពាណិជ្ជកម្មរបស់ខេត្តមួយនេះបានកើនឡើង៦,៨៥ភាគរយ។ តួលេខនេះជាកំណើនខ្ពស់បំផុតមិនធ្លាប់ជួបប្រទះ គិតចាប់តាំងពីផ្ទុះវិបត្តិជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោកស្រី Yusniar Juliana ប្រធានទីភ្នាក់ងារស្ថិតិជាតិឥណ្ឌូនេស៊ី (BPS) ប្រចាំខេត្ត East Kalimantan បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ខេត្តEast Kalimantan បានចូលរួមចំណែកចំនួន៤៨,១២ភាគរយ ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់Kalimantan ទាំងមូល។
ការអភិវឌ្ឍន៍រដ្ឋធានី Nusantara ក៏បានជះឥទ្ធិពលជាវិជ្ជមាន ដល់វិស័យទេសចរណ៍ផងដែរ ដោយអត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារក្នុងខេត្តនេះ បានកើនឡើងដល់៦៧ភាគរយ នៅខែសីហា ឆ្នាំ២០២៤ ដែលជាកម្រិតខ្ពស់បំផុតបន្ទាប់ពីទីក្រុងកោះបាលី៕ប្រភព: Jakarta Globe៕