ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនសេដ្ឋកិច្ច របស់ប្រទេសមហាអំណាចធំចំនួន២នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក និងចិន ជាតួលេខ ដែលមនុស្សជាច្រើន បានតាមដានយ៉ាងយកចិត្តទុកដាក់ព្រោះថា ប្រសិនបើសេដ្ឋកិច្ចរបស់អាមេរិក និងចិនដាំក្បាលចុះ នោះសេដ្ឋកិច្ចរបស់ពិភពលោក ក៏ជួបប្រទះបញ្ហាផងដែរ។
ផលទុនជាតិសរុប (GDP) របស់សហរដ្ឋអាមេរិកបានកើនឡើង នៅក្នុងអត្រាប្រចាំឆ្នាំ៣ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤។ កាលពីត្រីមាសទីមួយ កំណើន GDP របស់អាមេរិក បានកើនឡើង១,៦ភាគរយ។
GDP របស់សហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថា នឹងកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ១,៩ភាគរយ នៅត្រីមាសទី៣។ នេះបើយោងតាមសេដ្ឋវិទូចំនួន៣៦រូប ដែលត្រូវបានស្ទង់មតិដោយធនាគារកណ្តាលអាមេរិក ប្រចាំទីក្រុង Philadelphia។
ជាមួយគ្នានេះ ផលទុនជាតិសរុប(GDP) របស់សហរដ្ឋអាមេរិកនៅត្រីមាសទី៤ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១,៧ភាគរយ។ ជារួម ក្រុមសេដ្ឋវិទូបានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២៤ នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ចាប់ពី២,៥ភាគរយទៅ២,៦ភាគរយ។
ក្រុមសេដ្ឋវិទូរំពឹងថា អត្រាអ្នកគ្មានការងារធ្វើ នៅសហរដ្ឋអាមេរិក នឹងស្ថិតក្នុងរង្វង់៤,១ភាគរយនៅឆ្នាំ២០២៤ និងកើនឡើងដល់ក្នុងរង្វង់៤,៣ភាគរយ នៅឆ្នាំ២០២៥ខាងមុខ។
ដោយឡែក ក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុ Deloitte ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានអះអាងថា សេដ្ឋកិច្ចអាមេរិក នៅតែមានភាពរឹងមាំ ទោះបីជាមានការព្រួយបារម្ភជាប់រហូត ជុំវិញភាពធន់នៃកំណើន និងគោលនយោបាយអត្រាការប្រាក់យ៉ាងណាក្តី។
ក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុDeloitte បានបង្ហាញសុទិដ្ឋិនិយមថា ក្រុមមន្ត្រីបង្កើតគោលនយោបាយអាមេរិកមានលទ្ធភាពអូសទាញ អត្រាអតិផរណា ឱ្យស្ថិតក្រោមការគ្រប់គ្រងបាន ដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។
ការរីកដុះដាលនៃការសាងសង់រោងចក្រ នឹងបន្តជំរុញសក្តានុពលសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ក្នុងរយៈពេលខ្លី ការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Fed) អនុញ្ញាតឱ្យគ្រួសារនានា មានលទ្ធភាពខ្ចីប្រាក់បានកាន់តែច្រើន និងគាំទ្រដល់កំណើន នៃការចំណាយលើការប្រើប្រាស់។
Deported រំពឹងថា សេដ្ឋកិច្ចអាមេរិក នឹងកើនឡើងក្នុងរង្វង់២,៧% នៅឆ្នាំនេះ ដែលស្រដៀងគ្នានឹងការព្យាករណ៍ខាងលើ។ ជារួម ស្ថានភាពសេដ្ឋកិច្ចអាមេរិក នៅតែមានភាពវិជ្ជមាន។ តួយ៉ាងការចំណាយរបស់អ្នកប្រើប្រាស់ បានបន្តកើនឡើងលើសការរំពឹងទុក និងត្រូវបានព្យាករណ៍ថា នឹងកើនឡើង២,៤ភាគរយ ក្នុងឆ្នាំ២០២៤ ធៀបនឹងការកើនឡើង២,២%កាលពីឆ្នាំមុន។
ដោយឡែក ការវិនិយោគអាជីវកម្ម ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៤,២% ក្នុងឆ្នាំនេះ ធ្លាក់ចុះបន្តិចធៀបនឹងកំណើន៤,៥% ដែលបានកត់ត្រាក្នុងឆ្នាំ២០២៣។
រដ្ឋាភិបាលអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិនបានបង្កើតច្បាប់កាត់បន្ថយអតិផរណា(IRA) និងការលើកទឹកចិត្ត ក្នុងការផលិតបន្ទះឈីប (CHIPS) និងច្បាប់វិទ្យាសាស្រ្ត។
ច្បាប់ទាំងនេះត្រូវបានព្យាករណ៍ថា នឹងបន្តជំរុញឱ្យការវិនិយោគលើគ្រឿងម៉ាស៊ីន និងឧបករណ៍មានការកើនឡើង ហើយក្រុមហ៊ុនបច្ចេកវិទ្យា បានបន្តបោះទុនវិនិយោគ ទៅលើផ្នែកទន់ និងកម្មសិទ្ធិបញ្ញាផ្សេងទៀតដូចជា បញ្ញាសិប្បនិម្មិត។
ចំណែក កំណើននៃការនាំចេញត្រូវបានគេរំពឹងថា នឹងថយចុះមកត្រឹម២,២% ក្នុងឆ្នាំ២០២៤ មុនពេលស្ទុះងើបឡើងវិញនៅឆ្នាំបន្ទាប់ ខណៈការនាំចូលត្រូវបានព្យាករណ៍ថា នឹងកើនឡើង៣,៨% នៅឆ្នាំនេះ។ ការចំណាយរបស់រដ្ឋាភិបាលត្រូវបានព្យាករណ៍ថា នឹងកើនឡើង២,៩% នៅឆ្នាំ២០២៤។
ទោះជាយ៉ាងណា ជម្លោះនៅតំបន់អ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា កំពុងស្ថិតក្នុងដំណាក់កាល ដ៏មានហានិភ័យ។ជម្លោះទាំង២ ស្ថិតនៅក្នុងតំបន់ផលិតកម្មប្រេងសំខាន់ៗ។ ដូច្នេះ តម្លៃប្រេងនឹងបន្តហក់ឡើងខ្ពស់ ប្រសិនបើជម្លោះផ្ទុះរាលដាលកាន់តែធំ។
លើសពីនេះ គោលនយោបាយពាណិជ្ជកម្ម កំពុងស្ថិតលើសមរភូមិនៃការប្រកួតប្រជែង ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងខិតជិតមកដល់។ បេក្ខជនមកពីគណបក្សធំៗទាំងពីរ រួមមានលោកអតីតប្រធានាធិបតីដូណាល់ ត្រាំ និងលោកស្រីអនុប្រធានាធិបតី Kamala Hariss បានត្រៀមខ្លួនក្នុងការបន្តប្រមូលយកពន្ធខ្ពស់ លើការនាំចូលទំនិញពីបរទេស។
គោលនយោបាយទាំងនេះ អាចនឹងជះផលប៉ះពាល់ដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដោយសារការកើនឡើងនៃអតិផរណា។
ចំណែក ស្ថានភាពសេដ្ឋកិច្ចរបស់ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកកំពុងបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា។
កាលពីថ្ងៃទី១៨ ខែតុលា ការិយាល័យជាតិស្ថិតិចិន បានប្រកាសនូវកំណើនសេដ្ឋកិច្ច ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដែលបានកើនឡើងចំនួន៤,៦%។ តួលេខនេះមានកម្រិតលើសបន្តិច ពីការប៉ាន់ស្មានរបស់ក្រុមសេដ្ឋវិទូ ដែលរំពឹងថា នឹងកើនឡើង៤,៥%។
យ៉ាងណាមិញ អត្រាកំណើនសេដ្ឋកិច្ចចិន ប្រចាំត្រីមាសទី៣ មានកម្រិតទាបជាងត្រីមាសទី២ ដែលបានកើនឡើងក្នុងរង្វង់៤,៧%។ នៅក្នុងរយៈពេល១ឆ្នាំកន្លះចុងក្រោយនេះ សេដ្ឋកិច្ចចិន ពុំដែលជួបប្រទះកំណើនសេដ្ឋកិច្ចទាបដូច្នេះទេ។
ការិយាល័យជាតិស្ថិតិចិនបានទទួលស្គាល់ថា សេដ្ឋកិច្ចចិនកំពុងជួបប្រទះ នឹងឧបសគ្គធំៗជាច្រើន ដូចជា ភាពមិនអំណោយផលនៃបរិបទខាងក្រៅ ដែលបង្កការរាំងស្ទះដល់ការនាំចេញទំនិញរបស់ប្រទេសចិន។
ទន្ទឹមគ្នានេះ ផ្អែកតាមតួលេខផ្លូវការ របស់ការិយាល័យជាតិស្ថិតិចិន គេសង្កេតឃើញមានចំណុចវិជ្ជមានមួយចំនួន។ តួយ៉ាង ការលក់រាយក្នុងស្រុក បានកើនឡើងប្រមាណ៣,២% នៅក្នុងខែកញ្ញា ខណៈកាលពីខែសីហា ការលក់រាយបានកើនឡើងត្រឹមតែ២,១%ប៉ុណ្ណោះ។
អត្រាកំណើននៃការលក់រាយនេះ ជាសញ្ញាបង្ហាញអំពីភាពវិជ្ជមានប្រសើរឡើង ក្នុងការចំណាយក្នុងស្រុករបស់ប្រជាជនចិនជាទូទៅ និងជាក្តីសង្ឃឹម បន្ទាប់ពីមានការព្រួយបារម្ភនាពេលកន្លងមក។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលចិន បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច និងជួយជាពិសេសដល់វិស័យអចលនទ្រព្យ ដែលកំពុងបន្តស្ថិតក្នុងភាពជាប់គាំង។
ជាមួយគ្នានេះ ធនាគារកណ្តាលចិន(PBOC) បានទាញទម្លាក់អត្រាការប្រាក់គោល សម្រាប់ប្រាក់កម្ចីអចលនទ្រព្យ។ បន្ថែមពីនេះ អាជ្ញាធរចិនបានប្រកាសបោះទុនវិនិយោគ ប្រមាណ៤ទ្រីលានយ័ន ដើម្បីជួយដល់គម្រោងសំណង់អចលនទ្រព្យដែលស្ថិតនៅទ្រឹង ព្រមទាំងបានលុបចោលនូវការហាមឃាត់ប្រជាជន មិនឱ្យទិញផ្ទះលើសពី២កន្លែងជាដើម។
លោក Benson Wu សេដ្ឋវិទូនៅធនាគារ Bank of America Global Research បានលើកឡើងថា វិធានការថ្មីៗទាំងនេះ ជាចំណុចចាប់ផ្តើមដ៏ល្អ ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចចិន។ ប៉ុន្តែ អាជ្ញាធរចិន នៅមិនទាន់លំអិតឱ្យបានច្បាស់នៅឡើយ អំពីទំហំនៃការចំណាយ។ ការណ៍នេះបានបង្កការលំបាក ក្នុងការវិភាគឱ្យបានច្បាស់ថា តើចំណាត់ការទាំងនេះ នឹងមានប្រសិទ្ធភាពកម្រិតណា?។
វិស័យអចលនទ្រព្យ ដែលជាសរសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចចិន នៅតែបន្តជាប់ផុងក្នុងវិបត្តិនៅឡើយ ដោយសារអ្នកអភិវឌ្ឍន៍កំពុងជំពាក់បំណុលច្រើន គម្រោងសំណង់ត្រូវបានបោះបង់ចោល ហើយតម្លៃផ្ទះក៏បានដាំក្បាលចុះផងដែរ។
យ៉ាងណាមិញ កាលពីខែកញ្ញាកន្លងទៅ ក្នុងចំណោមតម្លៃផ្ទះថ្មីនៅតាមទីក្រុងធំៗ និងទីក្រុងខ្នាតមធ្យមទាំង៧០ នៅទូទាំងប្រទេសចិន គេសង្កេតឃើញមានតែទីក្រុងចំនួន២ប៉ុណ្ណោះ ដែលតម្លៃផ្ទះ បានកើនឡើងបន្តិចបន្តួច។ ក្រៅពីនោះ តម្លៃផ្ទះនៅតាមទីក្រុងភាគច្រើនបានធ្លាក់ចុះ ឬស្ថិតក្នុងសភាពទ្រឹង។
ចំណែក លោកZhang Zhiwei អ្នកវិភាគនៅក្រុមហ៊ុន Pinpoint Asset Management បានលើកឡើងថា ផ្អែកតាមតួលេខកំណើនសេដ្ឋកិច្ចចិន ប្រចាំត្រីមាសទី៣ គោលដៅសេដ្ឋកិច្ចក្នុងរង្វង់៥%នៅឆ្នាំនេះ ដែលរដ្ឋាភិបាលចិនបានកំណត់នោះ ប្រហែលជាមិនអាចសម្រេចបាននោះទេ។
ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកវិភាគកំពុងរង់ចាំមើលលទ្ធផលបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ព្រោះលទ្ធផលនេះ អាចកំណត់ឥទ្ធិពលមកលើសេដ្ឋកិច្ចរបស់ប្រទេសចិន៕ប្រភព: Deloitte៕