វិភាគ: តើសេដ្ឋកិច្ចរបស់កំពូលមហាអំណាចសហរដ្ឋអាមេរិក និងចិនមានស្ថានភាពបែបណានៅឆ្នាំនេះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កំណើនសេដ្ឋកិច្ច របស់ប្រទេសមហាអំណាចធំចំនួន២នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក និងចិន ជាតួលេខ ដែលមនុស្សជាច្រើន បានតាមដានយ៉ាងយកចិត្តទុក​ដាក់​ព្រោះថា ប្រសិនបើសេដ្ឋកិច្ចរបស់អាមេរិក និងចិនដាំក្បា​លចុះ នោះសេដ្ឋកិច្ចរបស់ពិភពលោក ក៏ជួបប្រទះបញ្ហាផងដែរ។

ផលទុនជាតិសរុប (GDP) របស់សហរដ្ឋអាមេរិកបានកើនឡើង នៅក្នុងអត្រាប្រចាំឆ្នាំ៣ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤។ កាលពីត្រីមាសទីមួយ កំណើន GDP របស់អាមេរិក បានកើនឡើង១,៦ភាគរយ។

GDP របស់សហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថា នឹងកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ១,៩ភាគរយ នៅត្រីមាសទី៣។ នេះ​បើ​យោងតាម​​សេដ្ឋវិទូចំនួន៣៦រូប ​ដែល​ត្រូវបាន​ស្ទង់មតិ​ដោយ​ធនាគារ​កណ្តាល​អាមេរិក ប្រចាំទីក្រុង Philadelphia។

ជាមួយគ្នានេះ ផលទុនជាតិសរុប(GDP) របស់សហរដ្ឋអាមេរិកនៅត្រីមាសទី៤ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១,៧ភាគរយ។ ជារួម ក្រុមសេដ្ឋវិទូបានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២៤ នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ចាប់ពី២,៥ភាគរយទៅ២,៦ភាគរយ។

ក្រុមសេដ្ឋវិទូរំពឹងថា អត្រាអ្នកគ្មានការងារធ្វើ នៅសហរដ្ឋអាមេរិក នឹងស្ថិតក្នុងរង្វង់៤,១ភាគរយនៅឆ្នាំ២០២៤ និងកើនឡើងដល់ក្នុងរង្វង់៤,៣ភាគរយ នៅឆ្នាំ២០២៥ខាងមុខ។

ដោយឡែក ក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុ Deloitte ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងឡុងដ៍ ប្រទេសអង់​គ្លេសបានអះអាងថា សេដ្ឋកិច្ចអាមេរិក នៅតែមានភាពរឹងមាំ ទោះបីជាមានការព្រួយបារម្ភជាប់រហូត ជុំវិញភាពធន់នៃកំណើ​ន និងគោលនយោបាយអត្រា​ការប្រាក់យ៉ាងណាក្តី។

ក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុDeloitte បានបង្ហាញសុទិដ្ឋិនិយមថា ក្រុម​មន្ត្រីបង្កើតគោលនយោបាយអាមេរិកមានលទ្ធភាពអូសទាញ អត្រាអតិផរណា ឱ្យស្ថិតក្រោមការគ្រប់​គ្រងបាន ដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។

ការរីកដុះដាលនៃការសាងសង់រោងចក្រ នឹងបន្តជំរុញសក្តានុពលសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ក្នុងរយៈពេលខ្លី ការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Fed) អនុញ្ញាតឱ្យគ្រួសារនានា មានលទ្ធភាពខ្ចីប្រាក់បានកាន់តែច្រើន និងគាំទ្រដល់កំណើន នៃការចំណាយលើការប្រើប្រាស់។

Deported រំពឹងថា សេដ្ឋកិច្ចអាមេរិក នឹងកើនឡើងក្នុងរង្វង់២,៧% នៅឆ្នាំនេះ ដែលស្រដៀងគ្នានឹងការព្យាករណ៍ខាងលើ។ ជារួម ស្ថានភាពសេដ្ឋកិច្ចអាមេរិក នៅតែមានភាពវិជ្ជមាន។ តួយ៉ាងការចំណាយរបស់អ្នកប្រើប្រាស់ បានបន្តកើនឡើងលើសការរំពឹងទុក និងត្រូវបានព្យាករណ៍ថា នឹងកើនឡើង២,៤​ភាគរយ ក្នុងឆ្នាំ២០២៤ ធៀបនឹងការកើនឡើង២,២%កាលពីឆ្នាំមុន។

ដោយឡែក ការវិនិយោគអាជីវកម្ម ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៤,២% ក្នុងឆ្នាំនេះ ធ្លាក់ចុះបន្តិចធៀបនឹងកំណើន៤,៥% ដែលបានកត់ត្រាក្នុងឆ្នាំ២០២៣។

រដ្ឋាភិបាលអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិ​បតី ចូ បៃដិនបានបង្កើតច្បាប់កាត់បន្ថយអតិផរណា(IRA) និងការលើកទឹកចិត្ត ក្នុងការផលិតបន្ទះឈីប  (CHIPS) និងច្បាប់វិទ្យាសាស្រ្ត។

ច្បាប់ទាំងនេះត្រូវបានព្យាករណ៍ថា នឹងបន្តជំរុញឱ្យការវិនិយោគលើគ្រឿងម៉ាស៊ីន និងឧបករណ៍មានការកើនឡើង ហើ​យក្រុមហ៊ុនបច្ចេកវិទ្យា បានបន្តបោះទុនវិនិយោគ ទៅលើផ្នែកទន់ និងកម្មសិទ្ធិបញ្ញាផ្សេងទៀតដូចជា បញ្ញាសិប្បនិម្មិត។

ចំណែក កំណើននៃការនាំចេញត្រូវបានគេរំពឹងថា នឹងថយ​ចុះមកត្រឹម២,២% ក្នុងឆ្នាំ២០២៤ មុនពេលស្ទុះងើបឡើងវិញនៅឆ្នាំបន្ទាប់ ខណៈការនាំចូលត្រូវបានព្យាករណ៍ថា នឹងកើនឡើង៣,៨% នៅឆ្នាំនេះ។ ការចំណាយរបស់រដ្ឋាភិបាលត្រូវបានព្យាករណ៍ថា នឹងកើនឡើង២,៩% នៅឆ្នាំ២០២៤។

ទោះជាយ៉ាងណា ជម្លោះ​នៅ​តំបន់អ៊ុយក្រែន និង​តំបន់មជ្ឈិមបូព៌ា ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល ​ដ៏មានហានិភ័យ។ជម្លោះទាំង២ ស្ថិតនៅក្នុងតំបន់ផលិតកម្មប្រេងសំខាន់ៗ។ ដូច្នេះ តម្លៃប្រេងនឹងបន្តហក់ឡើងខ្ពស់ ប្រសិនបើជម្លោះផ្ទុះរាលដាលកាន់តែធំ។

លើសពីនេះ គោលនយោបាយពាណិជ្ជកម្ម កំពុងស្ថិតលើសមរភូមិនៃការប្រកួតប្រជែង ខណៈការបោះឆ្នោតប្រធានា​ធិបតីអាមេរិក កំពុងខិតជិតមកដល់។ បេក្ខជនមកពីគណបក្សធំៗទាំងពីរ រួមមានលោកអតីតប្រធានាធិបតីដូណាល់ ត្រាំ និងលោកស្រីអនុប្រធានាធិបតី Kamala Hariss បានត្រៀមខ្លួនក្នុងការបន្តប្រមូលយកពន្ធខ្ពស់ លើការនាំចូលទំនិញពីបរទេស។

គោលនយោបាយទាំងនេះ អាចនឹងជះផលប៉ះពាល់ដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដោយសារការកើនឡើងនៃអតិផរណា។

ចំណែក ស្ថានភាពសេដ្ឋកិច្ចរបស់ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកកំពុងបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា។

កាលពីថ្ងៃទី​១៨ ខែតុលា ការិយាល័យ​ជាតិ​ស្ថិតិចិន​ បាន​ប្រកាសនូវ​កំណើនសេដ្ឋកិច្ច​ ប្រចាំត្រីមាសទី​៣ ឆ្នាំ​២០២៤ ដែល​បាន​កើនឡើងចំនួន​៤,៦%។ តួលេខ​នេះមានកម្រិត​លើសបន្តិច ពី​ការប៉ាន់ស្មានរបស់ក្រុមសេដ្ឋវិទូ ដែលរំពឹងថា នឹងកើនឡើង៤,៥%។

យ៉ាងណាមិញ អត្រាកំណើនសេដ្ឋកិច្ច​ចិន ប្រចាំត្រីមាសទី​៣ មានកម្រិតទាបជាង​ត្រីមាសទី២ ដែលបានកើនឡើងក្នុងរង្វង់៤,៧%។ នៅក្នុងរយៈពេល១ឆ្នាំកន្លះចុងក្រោយនេះ សេដ្ឋកិច្ច​ចិន ពុំដែលជួបប្រទះកំណើនសេដ្ឋកិច្ចទាប​ដូច្នេះទេ។

ការិយាល័យជាតិស្ថិតិចិនបានទទួលស្គាល់ថា​ សេដ្ឋកិច្ច​ចិន​កំពុងជួបប្រទះ នឹងឧបសគ្គធំៗជាច្រើន ដូចជា ភាពមិនអំណោយ​ផលនៃបរិបទខាងក្រៅ​​ ដែលបង្កការរាំងស្ទះដល់ការនាំចេញទំនិញរបស់ប្រទេសចិន​។

ទន្ទឹមគ្នានេះ​ ផ្អែកតាមតួលេខផ្លូវការ ​របស់ការិយាល័យជាតិស្ថិតិចិន​ គេសង្កេតឃើញមាន​ចំណុចវិជ្ជមានមួយចំនួន។ តួយ៉ាង ការលក់រាយក្នុងស្រុក ​បាន​កើនឡើងប្រមាណ៣,២% នៅក្នុងខែ​កញ្ញា ខណៈកាលពីខែសីហា ការលក់រាយបានកើនឡើងត្រឹមតែ២,១%ប៉ុណ្ណោះ។

 

អត្រាកំណើននៃការលក់រាយ​នេះ ជាសញ្ញាបង្ហាញអំពី​ភាពវិជ្ជមាន​ប្រសើរឡើង​ ក្នុងការ​​ចំណាយ​ក្នុងស្រុករបស់ប្រជាជនចិនជាទូទៅ និងជាក្តីសង្ឃឹម​ បន្ទាប់ពីមានការព្រួយបារម្ភនាពេលកន្លងមក​។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ រដ្ឋាភិបាលចិ​ន បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បី​ចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្ត​សេដ្ឋកិច្ច​​ និងជួយជាពិសេសដល់​វិស័យអច​ល​នទ្រព្យ ដែល​កំពុងបន្តស្ថិតក្នុងភាពជាប់គាំង​។

ជាមួយគ្នានេះ ធនាគារកណ្តាល​ចិន(PBOC) បានទាញទម្លាក់អត្រាការប្រាក់គោល សម្រាប់ប្រាក់កម្ចី​អចលនទ្រព្យ។ បន្ថែមពីនេះ អាជ្ញាធរចិនបានប្រកាសបោះទុនវិនិយោគ ប្រមា​ណ៤ទ្រីលានយ័ន ដើម្បីជួយដល់​គម្រោង​សំណង់​អចលនទ្រព្យដែល​ស្ថិតនៅទ្រឹង ព្រមទាំងបានលុបចោល​នូវ​ការហា​មឃាត់​ប្រជាជន មិនឱ្យទិញផ្ទះលើសពី២កន្លែងជាដើម។

លោក Benson Wu សេដ្ឋវិទូនៅ​ធនាគារ Bank of America Global Research បានលើកឡើងថា វិធានការថ្មីៗទាំងនេះ ជាចំណុចចាប់ផ្តើមដ៏ល្អ ក្នុងការ​ជំរុញសន្ទុះសេដ្ឋកិច្ច​ចិន។ ប៉ុន្តែ អាជ្ញាធរចិន នៅមិនទាន់លំអិតឱ្យបានច្បាស់នៅឡើយ អំពីទំហំនៃការចំណាយ​។ ការណ៍នេះបានបង្កការលំបាក ក្នុងការវិភាគ​ឱ្យបានច្បាស់ថា តើចំណាត់ការទាំងនេះ នឹងមានប្រសិទ្ធភាពកម្រិតណា?។

វិស័យអចលនទ្រព្យ ដែលជាស​រ​សរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ច​​ចិន នៅតែបន្តជាប់ផុងក្នុងវិបត្តិ​នៅឡើយ ដោយ​សារអ្នកអភិវឌ្ឍន៍កំពុងជំពាក់បំណុលច្រើន គម្រោងសំណង់ត្រូវបានបោះបង់ចោល ហើយ​តម្លៃផ្ទះក៏បានដាំក្បាលចុះផងដែរ។

យ៉ាងណាមិញ កាលពីខែ​កញ្ញា​​កន្លងទៅ ក្នុងចំណោមតម្លៃផ្ទះ​ថ្មី​​នៅតាមទីក្រុងធំៗ និងទីក្រុងខ្នាតមធ្យមទាំង​៧០ នៅទូទាំ​ងប្រទេសចិន គេសង្កេតឃើញមានតែ​ទីក្រុងចំនួន២ប៉ុណ្ណោះ ដែល​តម្លៃផ្ទះ បានកើនឡើងបន្តិចបន្តួច​។ ក្រៅពីនោះ តម្លៃផ្ទះនៅតាមទីក្រុងភាគច្រើនបានធ្លាក់ចុះ ឬស្ថិតក្នុងសភាពទ្រឹង។

ចំណែក លោកZhang Zhiwei ​អ្នកវិភាគនៅ​ក្រុមហ៊ុន Pinpoint Asset Management បានលើកឡើងថា ផ្អែក​តាមតួលេខ​កំណើនសេដ្ឋកិច្ចចិន ប្រចាំត្រីមាសទី​៣  គោលដៅសេដ្ឋកិច្ច​ក្នុងរង្វង់៥%​នៅឆ្នាំ​នេះ ដែល​​រដ្ឋាភិបាលចិនបានកំណត់នោះ ប្រហែលជាមិនអាចសម្រេចបាននោះទេ​។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកវិភាគកំពុងរង់ចាំមើល​លទ្ធផល​បោះឆ្នោត​ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ព្រោះលទ្ធផលនេះ អាចកំណត់ឥទ្ធិពល​មកលើ​សេដ្ឋកិច្ចរបស់ប្រទេសចិន៕ប្រភព: Deloitte៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here