ដោយ: គង់ លាងហួរ
អន្តរជាតិ: កូរ៉េខាងត្បូង បានចាត់វិធានការយ៉ាងសំខាន់ដើម្បីទាក់ទាញពលករបរទេស មកធ្វើការនៅក្នុងប្រទេសរបស់ខ្លួន។ បច្ចុប្បន្ន ប្រទេសនេះផ្តល់ប្រាក់ឈ្នួលខ្ពស់ សម្រាប់ពលករបរទេស ដែលមានជំនាញទាប បើធៀបទៅនឹងប្រទេសជប៉ុន និងកោះតៃវ៉ាន់។
ចំណាត់ការនេះ មានគោលបំណងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងន័យនេះ រដ្ឋាភិបាលកូរ៉េ បានពង្រីកប្រព័ន្ធអនុញ្ញាតការងារ(permit system)សម្រាប់ពលករបរទេសដែលមានជំនាញទាប។
កូតានៃការទទួលយកពលករបរទេសប្រចាំឆ្នាំ ត្រូវបានដំឡើងពីចំនួន៥ម៉ឺននាក់ ក្នុងឆ្នាំ២០២១ ដល់ចំនួន១៦៤.០០០នាក់ក្នុងឆ្នាំ២០២៤។ កម្មវិធីនេះដាក់រួមបញ្ចូលទាំងកម្មករ នៅក្នុងភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និងឧស្សាហកម្មវារីវប្បកម្ម។
កូរ៉េខាងត្បូងក៏គ្រោង នឹងស្វាគមន៍កម្មករព្រៃឈើផងដែរ។ គំនិតផ្តួចផ្តើមនេះ នឹងជួយកាត់បន្ថយការខ្វះខាតកម្លាំងពលកម្មនៅតំបន់ជនបទ និងតំបន់ភ្នំ។ ប្រទេសនេះ មានគោលបំណងទទួលយកកម្មករ ព្រៃឈើចំនួន១.០០០នាក់ក្នុងមួយឆ្នាំ។
កម្មករព្រៃឈើ(Forestry worker) មានតួនាទីដាំដុះ គ្រប់គ្រង និងប្រមូលផលពីដើមឈើ និងថែរក្សាបរិស្ថាននៅក្នុងព្រៃ។
លើសពីនេះ កូរ៉េខាងត្បូង បានបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មី ក្នុងវិស័យឧស្សាហកម្មផលិតកប៉ាល់ នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែសីហា។ សិក្ខាកាមទទួលបានការបង្រៀនផ្នែកផ្សារដែក សុវត្ថិភាព និងជំនាញភាសាកូរ៉េ។
វគ្គបណ្តុះបណ្តាលនេះ នឹងជួយរៀបចំឱ្យពួកគេអាចទៅធ្វើការឱ្យក្រុមហ៊ុនសាងសង់ កប៉ាល់របស់កូរ៉េខាងត្បូងភ្លាមៗ នៅពេលមកដល់។ បច្ចុប្បន្ន ឧស្សាហកម្មផលិតកប៉ាល់របស់កូរ៉េកំពុងប្រឈមមុខ នឹងការខ្វះខាតកម្មករ ដោយសារកម្មករជាច្រើនបានងាក ទៅរកការងារក្នុងវិស័យបន្ទះឈីប និងរថយន្ត។
យោងតាមការប៉ាន់ប្រមាណបង្ហាញថា វិស័យផលិតកម្មកប៉ាល់របស់កូរ៉េខាងត្បូង បានជួបប្រទះកង្វះខាតកម្មករចំនួន១៤.០០០នាក់ ក្នុងឆ្នាំ២០២៣។ រដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ ដើម្បីអូសទាញចិត្តកម្មករ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាព រវាងឱកាសការងារសម្រាប់ពលរដ្ឋកូរ៉េ និងការជួលកម្មករបរទេស មកធ្វើការក្នុងប្រទេសរបស់ខ្លួន៕ប្រភព: The Rio Times៕