កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ប្រកួតប្រជែងគ្នាអូសទាញពលករបរទេសទៅធ្វើការក្នុងប្រទេសរបស់ខ្លួន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កូរ៉េខាងត្បូង បានចាត់វិធានការយ៉ាងសំខាន់ដើម្បីទាក់ទាញពលករបរទេស មកធ្វើការនៅក្នុងប្រទេសរបស់ខ្លួន។ បច្ចុប្បន្ន ប្រទេសនេះផ្តល់ប្រាក់ឈ្នួលខ្ពស់ សម្រាប់ពលករបរទេស ដែលមានជំនាញទាប បើធៀបទៅនឹងប្រទេសជប៉ុន និងកោះតៃវ៉ាន់។

ចំណាត់ការនេះ មានគោលបំណងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងន័យនេះ រដ្ឋាភិបាលកូរ៉េ បានពង្រីកប្រព័ន្ធអនុញ្ញាតការងារ(permit system)សម្រាប់ពលករបរទេសដែលមានជំនាញទាប។

កូតានៃការទទួលយកពលករបរទេសប្រចាំឆ្នាំ ត្រូវបានដំឡើងពីចំនួន៥ម៉ឺននាក់ ក្នុងឆ្នាំ២០២១ ដល់ចំនួន១៦៤.០០០នាក់ក្នុងឆ្នាំ២០២៤។ កម្មវិធីនេះដាក់រួមបញ្ចូលទាំងកម្មករ នៅក្នុងភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និងឧស្សាហកម្មវារីវប្បកម្ម។

កូរ៉េខាងត្បូង​ក៏គ្រោង​ នឹង​ស្វាគមន៍​កម្មករ​ព្រៃឈើ​ផងដែរ។  គំនិត​ផ្តួចផ្តើម​នេះ ​នឹង​ជួយ​កាត់​បន្ថយ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​នៅ​តំបន់​ជនបទ និង​តំបន់​ភ្នំ។  ប្រទេសនេះ មានគោលបំណងទទួលយកកម្មករ ព្រៃឈើចំនួន១.០០០នាក់ក្នុងមួយឆ្នាំ។

កម្មករព្រៃឈើ(Forestry worker) មានតួនាទីដាំដុះ គ្រប់​គ្រ​ង និងប្រមូលផលពីដើមឈើ និងថែរក្សាបរិស្ថាននៅក្នុងព្រៃ។

លើសពីនេះ កូរ៉េខាងត្បូង បានបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មី ក្នុងវិស័យឧស្សាហកម្មផលិតកប៉ាល់ នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែសីហា។  សិក្ខាកាម​ទទួល​បាន​ការ​បង្រៀ​ន​ផ្នែក​ផ្សារ​ដែក សុវត្ថិភាព និង​ជំនាញ​ភាសា​កូរ៉េ។

វគ្គបណ្តុះបណ្តាលនេះ នឹងជួយរៀបចំឱ្យពួកគេអាចទៅធ្វើការឱ្យក្រុមហ៊ុនសាងសង់ កប៉ាល់របស់កូរ៉េខាងត្បូងភ្លាមៗ នៅពេលមកដល់។ បច្ចុប្បន្ន ឧស្សាហកម្មផលិតកប៉ាល់របស់កូរ៉េកំពុងប្រឈមមុខ នឹងការខ្វះខាតកម្មករ ដោយសារកម្មករជាច្រើនបានងាក ទៅរកការងារក្នុងវិស័យបន្ទះឈីប និងរថយន្ត។

យោងតាមការប៉ាន់ប្រមាណបង្ហាញថា វិស័យផលិតកម្មកប៉ាល់របស់កូរ៉េខាងត្បូង បានជួបប្រទះកង្វះខាតកម្មករចំនួន១៤.០០០នាក់ ក្នុងឆ្នាំ២០២៣។ រដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ ដើម្បីអូសទាញចិត្តកម្មករ។

ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាព រវាងឱកាសការងារសម្រាប់ពលរដ្ឋកូរ៉េ និងការជួលកម្មករបរទេស មកធ្វើការក្នុងប្រទេសរបស់ខ្លួន៕ប្រភព: The Rio Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here