ដោយ: គង់ លាងហួរ
ភ្នំពេញ: ទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេរំពឹងថា នឹងមានសញ្ញាល្អប្រសើរ ដែលជំរុញដោយការរួមបញ្ចូលគ្នានៃកំណើនសេដ្ឋកិច្ច និងការបង្កើនការវិនិយោគពីបរទេស។នេះបើយោងតាមគេហទំព័រអចលនទ្រព្យ Bamboo Routes។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញជឿជាក់ថា កម្ពុជានៅតែជាគោលដៅដ៏ទាក់ទាញ សម្រាប់បណ្តាវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
តម្រូវការអចលនទ្រព្យ ជាពិសេសនៅតំបន់ទីក្រុង ដូចជាទីក្រុងភ្នំពេញ និងខេត្តសៀមរាប នៅតែបន្តមាន។ លើសពីនេះ ទីតាំងជាយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តមានភាពទាក់ទាញ ទៅកាន់ក្រុមអ្នកវិនិយោគ។
ជាធម្មតា តម្លៃអចលនទ្រព្យ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន(Emerging markets)ដូចជា ប្រទេសកម្ពុជាអាចកើនឡើងក្នុងអត្រាចន្លោះពី៥% ទៅ១០% ក្នុងមួយឆ្នាំក្នុងរយៈពេលវែង។ ទោះជាយ៉ាងណាក្តី ការប្រែប្រួលអាចកើតឡើង អាស្រ័យលើកត្តាដូចជាតំបន់ រដូវកាល និងប្រភេទអចលនទ្រព្យ។
ការណ៍នេះមានន័យថា ប្រសិនបើអតិថិជនទិញអាផាតម៉ិនដែលមានបន្ទប់គេងចំនួន២ ដ៏ស្រស់ស្អាតនៅរាជធានីភ្នំពេញ ក្នុងតម្លៃ១៥ម៉ឺនដុល្លារនាពេលនេះ នោះតម្លៃអាផាតម៉ិននេះអាចកើនឡើងដល់ ចន្លោះពី១៥៧.៥០០ដុល្លារ ទៅ១៦៥.០០០ដុល្លារនៅឆ្នាំក្រោយ។
តម្លៃខុនដូទំហំ៦០ម៉ែត្រការ៉េ ក្នុងរាជធានីភ្នំពេញត្រូវបានគេប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ ជាមធ្យមចំនួន១០ម៉ឺនដុល្លារអាមេរិក នៅឆ្នាំ២០២៤នេះ ខណៈតម្លៃអាផាតម៉ិនទំនើប(Modern Apartment)ទំហំ៧៥ម៉ែត្រការ៉េ ត្រូវបានប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ជាមធ្យម ចំនួន១៥ម៉ឺនដុល្លារ។
ចំណែក តម្លៃអាផាតម៉ិនប្រភេទ Studio ទំហំ៣០ម៉ែត្រការ៉េត្រូវបានគេប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ជាមធ្យមចំនួន៥ម៉ឺនដុល្លារអាមេរិកក្នុងឆ្នាំនេះ ខណៈផ្ទះវីឡាប្រណីត(Luxury Villa) ទំហំ១០០ម៉ែត្រការ៉េ នឹងមានតម្លៃជាមធ្យមចំនួន៣០ម៉ឺនដុល្លារ។
បច្ចុប្បន្ននេះ ជនបរទេស ដែលមានបំណងចូលមករស់នៅប្រទេសកម្ពុជា កំពុងស្វែងរកទីតាំងរស់នៅ ដែលមានបេតិកភណ្ឌវប្បធម៌ និងបរិក្ខារទំនើបៗ ដូចជា ខេត្តសៀមរាបជាដើម។ ដូច្នេះហើយ ក្រុមអ្នកជំនាញរំពឹងថា តម្លៃអចលនទ្រព្យនៅខេត្តមួយនេះអាចកើនឡើងនៅឆ្នាំ២០២៥។
គេហទំព័រ BambooRoutes.com ជាគេហទំព័រដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រួមមាន ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ អ្នកជំនាញផ្នែកច្បាប់ អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញផ្នែកវប្បធម៌ក្នុងតំបន់៕ប្រភព: Bamboo Routes៕