គេហទំព័រមួយនៅសឹង្ហបុរីព្យាករណ៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជារំពឹងបង្ហាញសញ្ញាវិជ្ជមាននៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេរំពឹងថា នឹងមានសញ្ញាល្អប្រសើរ ដែលជំរុញដោយការរួមបញ្ចូលគ្នានៃកំណើនសេដ្ឋកិច្ច និងការបង្កើនការវិនិយោគពីបរទេស។នេះបើយោងតាមគេហទំព័រអចលនទ្រព្យ Bamboo Routes។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញជឿជាក់ថា កម្ពុជានៅតែជាគោលដៅដ៏ទាក់ទាញ សម្រាប់បណ្តាវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។

តម្រូវការអចលនទ្រព្យ ជាពិសេសនៅតំបន់ទីក្រុង ដូចជាទីក្រុងភ្នំពេញ និងខេត្តសៀមរាប នៅតែបន្តមាន។ លើសពីនេះ ទីតាំងជាយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តមានភាពទាក់ទាញ ទៅកាន់ក្រុមអ្នកវិនិយោគ។

ជាធម្មតា តម្លៃអចលនទ្រព្យ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន(Emerging markets)ដូចជា ប្រទេសកម្ពុជាអាចកើនឡើងក្នុងអត្រាចន្លោះពី៥% ទៅ១០% ក្នុងមួយឆ្នាំក្នុងរយៈពេលវែង។  ទោះជាយ៉ាងណាក្តី ការប្រែប្រួលអាចកើតឡើង អាស្រ័យលើកត្តាដូចជាតំបន់ រដូវកាល និងប្រភេទអចលនទ្រព្យ។

ការណ៍នេះមាន​ន័យ​ថា​ ប្រសិន​បើ​អតិថិជនទិញ​អាផាតម៉ិនដែលមានបន្ទប់​គេងចំនួន២ ដ៏​ស្រស់​ស្អាត​នៅ​រាជធានីភ្នំពេ​ញ​ ក្នុង​តម្លៃ១៥ម៉ឺនដុល្លារ​នាពេលនេះ នោះ​​តម្លៃ​អាផាតម៉ិននេះអាចកើនឡើងដល់ ចន្លោះ​ពី១៥៧.៥០០ដុល្លារ ទៅ១៦៥.០០០ដុល្លារ​នៅ​ឆ្នាំ​ក្រោយ។

តម្លៃខុនដូទំហំ៦០ម៉ែត្រការ៉េ ក្នុងរាជធានីភ្នំពេញត្រូវបានគេប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ ជាមធ្យមចំនួន១០ម៉ឺនដុល្លារអាមេរិក នៅឆ្នាំ២០២៤នេះ ខណៈតម្លៃអាផាតម៉ិន​ទំនើប(Modern Apartment)ទំហំ៧៥ម៉ែត្រការ៉េ ត្រូវបានប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ជាមធ្យម ចំនួន១៥ម៉ឺនដុល្លារ។

ចំណែក តម្លៃអាផាតម៉ិនប្រភេទ Studio  ទំហំ៣០ម៉ែត្រការ៉េត្រូវបានគេប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ជាមធ្យមចំនួន៥ម៉ឺនដុល្លារអាមេរិកក្នុងឆ្នាំនេះ ខណៈផ្ទះវីឡាប្រណីត(Luxury Villa) ទំហំ១០០ម៉ែត្រការ៉េ នឹងមានតម្លៃជាមធ្យមចំនួន៣០ម៉ឺនដុល្លារ។

បច្ចុប្បន្ននេះ ជនបរទេស ដែលមានបំណងចូលមករស់នៅប្រទេសកម្ពុជា កំពុងស្វែងរកទីតាំងរស់នៅ ដែលមានបេតិ​កភណ្ឌវប្បធម៌ និងបរិក្ខារទំនើបៗ ដូចជា ខេត្តសៀមរាបជាដើម។  ដូច្នេះហើយ ក្រុមអ្នកជំនាញរំពឹងថា តម្លៃអចលនទ្រព្យនៅខេត្តមួយនេះអាចកើនឡើងនៅឆ្នាំ២០២៥។

គេហទំព័រ BambooRoutes.com ជាគេហទំព័រដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រួមមាន ក្រុមអ្នកជំនាញផ្នែកហិរ​ញ្ញវត្ថុ អ្នកជំនាញផ្នែកច្បាប់ អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញផ្នែកវប្បធម៌ក្នុងតំបន់៕ប្រភព: Bamboo Routes៕

LEAVE A REPLY

Please enter your comment!
Please enter your name here