ទីផ្សារអចលនទ្រព្យនៅទីក្រុងហ្សាកាតាបន្តទទួលបានការចាប់អារម្មណ៍ជាង រដ្ឋធានីថ្មីនាពេលអនាគត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL អះអាងថា បណ្តាវិនិយោគិនបន្តបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអចលនទ្រព្យនៅក្នុងទីក្រុងហ្សាកាតា និងតំបន់ជុំវិញទីក្រុងនេះ ទោះបីជាមានការសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនៅខេត្ត East Kalimantanយ៉ាងណាក្តី។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបន្តថា តំបន់រមណីយដ្ឋានកោះបាលីដ៏ល្បីល្បាញរបស់ឥណ្ឌូនេសុី ក៏បានក្លាយជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញសម្រាប់បណ្តាវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុកផងដែរ។

លោក Herully Suherman នាយកជាន់ខ្ពស់ផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុន JLL Indonesia លើកឡើងថា“យើងទទួលបានការសាកសួរយ៉ាងច្រើនទាក់ទងនឹងការវិនិយោគអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ីក្នុងអំឡុងត្រីមាសទី២ ឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់នៅក្នុងខែកុម្ភៈ”។

អ្នកជំនាញអចលនទ្រព្យរូបនេះបានមានប្រសាសន៍ឱ្យដឹងថា “បណ្តាវិនិយោគិនជាច្រើននៅតែសម្លឹងឃើញសក្តានុពលនៃតំបន់ទីក្រុងហ្សាការតា (Greater Jakarta) ព្រោះនេះជាទីផ្សារដែលបានបង្កើតឡើងរួចហើយ”។

លោកព្យាករណ៍ថា រដ្ឋធានីថ្មីនាពេលអនាគត Nusantara របស់ឥណ្ឌូនេសុីនឹងជះផលប៉ះពាល់តិចតួចបំផុតមកលើទីក្រុងហ្សាកាតា។ លោក​បាន​បន្ថែម​ថា​“ សូម្បី​តែ​រដ្ឋាភិបាល​ក៏​បានចាត់ទុក ទីក្រុង​ហ្សាការតាជា​ការ​អភិវឌ្ឍ​ន៍រយៈពេល​វែង​ផងដែរ”។

លោកបានពន្យល់ថា ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងហ្សាកាតា និងតំបន់ជុំវិញនៅតែមានភាពរឹងមាំ ដោយសារទីផ្សារត្រូវបានជំរុញជាចម្បងដោយការពិចារណាលើផ្នែកពាណិជ្ជកម្ម ជាជាងឥទ្ធិពលខាងក្រៅដូចជាទីក្រុង Nusantara ។

នៅក្នុងត្រីមាសទី២ លោក Herully បានចង្អុលបង្ហាញថា បណ្តាវិនិយោគិនបានផ្តោតចំពោះវិស័យសំខាន់ៗមួយចំនួន រួមមានដូចជា លំនៅដ្ឋានជាប់ដី(Landed residences) អគារការិយាល័យ សណ្ឋាគារ អាផាតមុិន និងសេវាកម្មលក់រាយជាដើម។

វិស័យសណ្ឋាគារ ជាពិសេសនៅក្នុងទីក្រុងហ្សាកាតា និងកោះបាលី នៅតែមានតម្រូវការខ្ពស់ ស្របពេលដែលការផ្គត់ផ្គង់នៅមានកម្រិត ហើយទីផ្សារអាផាតមុិនក៏បានបង្ហាញភាពទាក់ទាញផងដែរ ដោយសារផលចំណេញខ្ពស់។

ជាមួយគ្នានេះ វិស័យលក់រាយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាម៉ាកយីហោអន្តរជាតិល្បីៗ៕ប្រភព: AsiaNews. Network៕

LEAVE A REPLY

Please enter your comment!
Please enter your name here