ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ Sansiri Plc អះអាងថា ខេត្តភូកេត ដែលជារមណីយដ្ឋានកោះនៅសមុទ្រ Andaman ស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃកំពុងសម្រេចបានកំណើនសេដ្ឋកិច្ច និងកំណើនតម្លៃដីដ៏ខ្ពស់។
លោក Uthai Uthaisangsuk ប្រធានប្រតិបត្តិក្រុមហ៊ុន Sansiri បានមានប្រសាសន៍ឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តភូកេតមានទំហំទឹកប្រាក់ប្រហែល៥០០ពាន់លានបាត ដែលធ្វើឱ្យខេត្តមួយនេះក្លាយជាតំបន់សេដ្ឋកិច្ចធំបំផុតទី២ បន្ទាប់ពីទីក្រុងបាងកក។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា កំណើនសេដ្ឋកិច្ចបានបង្កើនតម្រូវការដី ដែលជំរុញឱ្យតម្លៃដីនៅលើកោះភូកេតហក់ឡើងថ្លៃនៅឆ្នាំ២០២៤នេះចន្លោះពី៣០ភាគរយទៅ៤០ភាគរយ។
លោកបានបង្ហើបឱ្យដឹងទៀតថា ដីនៅក្នុងតំបន់កម្រដូចជា ដីតាមមាត់ឆ្នេរសមុទ្រ ត្រូវបានលក់ក្នុងតម្លៃជិត១០០លានបាត(ប្រមាណ២,៩លានដុល្លារអាមេរិក)ក្នុងមួយរ៉ៃ (១រ៉ៃ=១.៦០០ម៉ែត្រការ៉េ)។
លោក Uthai បានគូសបញ្ជាក់ថា “អាជីវកម្មចំនួន៥នៅកោះភូកេត ដែលបានរួមចំណែកជំរុញនិន្នាការនេះ រួមមានភោជនីយដ្ឋាន គម្រោងអចលនទ្រព្យលំនៅដ្ឋាន សាលារៀនអន្តរជាតិ មន្ទីរពេទ្យ និងការបង្កើតមជ្ឈមណ្ឌលទាក់ទងនឹងការថែទាំសុខភាព”។
លោកបានបន្តទៀតថា “អាជីវកម្មទាំងនេះបាននិងកំពុងរីកចម្រើនចាប់តាំងពីការបញ្ចប់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដោយទាក់ទាញបានទាំងភ្ញៀវទេសចរណ៍ និងបណ្តាអ្នកវិនិយោគទៅកាន់កោះភូកេត”។
អ្នកជំនាញអចលនទ្រព្យរូបនេះបន្ថែមថា និន្នាការនេះក៏ត្រូវបានជំរុញគាំទ្រដោយគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ និងពិភពលោកក្នុងផ្នែកដឹកជញ្ជូន ទេសចរណ៍ អាកាសចរណ៍ និងការថែទាំសុខភាព តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ចំណតយន្តហោះចុះចតលើផ្ទៃសមុទ្រ និងចំណតនាវាកម្សាន្ត អាកាសយានដ្ឋាន Andaman និងការពង្រីកព្រលានយន្តហោះកោះភូកេត៕ប្រភព: The Nation៕