អាជីវកម្មចំនួន៥ ជំរុញឱ្យតម្លៃដីជាប់មាត់សមុទ្រនៅលើកោះភូកេតរបស់ប្រទេសថៃហក់ឡើងថ្លៃកប់ពពក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ Sansiri Plc អះអាងថា ខេត្តភូកេត ដែលជារមណីយដ្ឋានកោះនៅសមុទ្រ Andaman ស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃកំពុងសម្រេចបានកំណើនសេដ្ឋកិច្ច និងកំណើនតម្លៃដីដ៏ខ្ពស់។

លោក Uthai Uthaisangsuk ប្រធានប្រតិបត្តិក្រុមហ៊ុន Sansiri បានមានប្រសាសន៍ឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តភូកេតមានទំហំទឹកប្រាក់ប្រហែល៥០០ពាន់លានបាត ដែលធ្វើឱ្យខេត្តមួយនេះក្លាយជាតំបន់សេដ្ឋកិច្ចធំបំផុតទី២ បន្ទាប់ពីទីក្រុងបាងកក។

លោក​បានមានប្រសាសន៍ឱ្យដឹងបន្ត​ថា កំណើន​សេដ្ឋកិច្ច​បាន​បង្កើន​តម្រូវ​ការ​ដី​ ដែល​ជំរុញ​ឱ្យតម្លៃ​ដី​នៅ​លើ​កោះភូកេតហក់ឡើង​ថ្លៃ​នៅ​ឆ្នាំ​២០២៤នេះ​ចន្លោះពី៣០ភាគរយទៅ៤០ភាគរយ។

លោក​បាន​បង្ហើប​ឱ្យ​ដឹង​ទៀតថា ដី​នៅ​ក្នុង​តំបន់​កម្រ​ដូច​ជា​ ដីតាមមាត់ឆ្នេរ​សមុទ្រ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ជិត១០០លាន​បាត​(ប្រមាណ២,៩លានដុល្លារអាមេរិក)ក្នុង​មួយ​រ៉ៃ (១រ៉ៃ=១.៦០០ម៉ែត្រការ៉េ)។

លោក Uthai បានគូសបញ្ជាក់ថា “អាជីវកម្មចំនួន៥នៅកោះភូកេត ដែលបានរួមចំណែកជំរុញនិន្នាការនេះ រួមមានភោជនីយដ្ឋាន គម្រោងអចលនទ្រព្យលំនៅដ្ឋាន សាលារៀនអន្តរជាតិ មន្ទីរពេទ្យ និងការបង្កើតមជ្ឈមណ្ឌលទាក់ទងនឹងការថែទាំសុខភាព”។

លោកបានបន្តទៀតថា “អាជីវកម្មទាំងនេះបាននិងកំពុងរីកចម្រើនចាប់តាំងពីការបញ្ចប់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដោយទាក់ទាញបានទាំងភ្ញៀវទេសចរណ៍ និងបណ្តាអ្នកវិនិយោគទៅកាន់កោះភូកេត”។

អ្នកជំនាញអចលនទ្រព្យរូបនេះបន្ថែមថា និន្នាការនេះក៏ត្រូវបានជំរុញគាំទ្រដោយគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ និងពិភពលោកក្នុងផ្នែកដឹកជញ្ជូន ទេសចរណ៍ អាកាសចរណ៍ និងការថែទាំសុខភាព តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ចំណតយន្តហោះចុះចតលើផ្ទៃសមុទ្រ និងចំណតនាវាកម្សាន្ត អាកាសយានដ្ឋាន Andaman និងការពង្រីកព្រលានយន្តហោះកោះភូកេត៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here