ទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងសៀងហៃកំពុងកម្រើកឡើងវិញសន្សឹមៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតមួយរបស់ប្រទេសចិនកំពុងកម្រើកឡើងវិញ ក្រោយពីអាជ្ញាធរចិនបានចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីជួយសង្គ្រោះទីផ្សារអចលនទ្រព្យក្នុងស្រុកដែលកំពុងជាប់ផុងក្នុងវិបត្តិ។

ជាក់ស្ដែង ក្រុមហ៊ុន Swire Properties ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយបានរាយការណ៍ថា ផ្ទះល្វែងចំនួន៩៤ភាគរយ ដែលស្ថិតក្នុងគម្រោងលំនៅដ្ឋានរបស់ខ្លួននៅទីក្រុងសៀងហៃត្រូវបានលក់ដាច់អស់កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

ការណ៍នេះបង្ហាញពីភាពប្រសើរឡើងនៃទំនុកចិត្តរបស់អ្នកទិញ បន្ទាប់ពីអាជ្ញាធរចិនបានបន្ធូរបន្ថយពន្ធលើការទិញផ្ទះដែលមានទំហំកាន់តែធំជាងមុន និងបន្ធូរបន្ថយការរឹតបន្តឹងលើការទិញអចលនទ្រព្យ។

“Lujiazui Taikoo Yuan Residences” ជាគម្រោង ដែលមានទីតាំងនៅជាប់នឹងទន្លេ Huangpu នៃទីក្រុងសៀងហៃ និងត្រូវបានសហការអភិវឌ្ឍន៍ឡើងរួមគ្នាដោយក្រុមហ៊ុន Swire Properties និងក្រុមហ៊ុន Lujiazui Group។

Swire បានអះអាងថា ផ្ទះល្វែងចំនួន៤៧យូនីតក្នុងចំណោមផ្ទះសរុបចំនួន៥០យូនីត ដែលត្រូវបានប្រកាសដាក់លក់នៅលើទីផ្សារកាលពីថ្ងៃច័ន្ទត្រូវបានអតិថិជនទិញយកអស់យ៉ាងលឿន។

ក្រុមហ៊ុន Swire ជាអ្នកអភិវឌ្ឍន៍ផ្ទះប្រណីត និងការិយាល័យលំដាប់ A ដែលមានអាយុកាលចំណាស់ជាងគេ និងធំជាងគេរបស់ទីក្រុងហុងកុង។“Lujiazui Taikoo Yuan Residences”ជាគម្រោងដំបូងបង្អស់ទី១ ដែលក្រុមហ៊ុននេះបានបោះទុនវិនិយោគ ដើម្បីឈានជើងចូលទីផ្សារអភិវឌ្ឍន៍លំនៅដ្ឋានរបស់ចិនដីគោក។

ផ្ទះល្វែងទាំងនោះមានទំហំផ្ទៃក្រឡាចាប់ពី២៧៨ម៉ែត្រការ៉េ ទៅ៣៨៨ម៉ែត្រការ៉េ និងមានតម្លៃជាមធ្យមចំនួន៥៨លានយ័ន (ប្រហែល៨លានដុល្លារ) ក្នុងមួយយូនីត ឬស្មើនឹង១៦៩.៨០០យ័នក្នុងមួយម៉ែត្រការ៉េ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here