ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់ Bangna-Trat ស្ថិតនៅជាយទីក្រុងបាងកក ប្រទេសថៃកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដោយទាក់ទាញការវិនិយោគយ៉ាងច្រើនពីបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ និងអ្នកវិនិយោគបរទេស។
តំបន់ Bangna-Trat មានទីតាំងអំណោយផលល្អ និងជាទីតាំងដ៏សំខាន់សម្រាប់កំណើននាពេលអនាគត ព្រោះតំបន់នេះជាច្រកចេញចូលអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ព្រមទាំងមានការតភ្ជាប់ទៅកាន់ផ្លូវសំខាន់ៗក្នុងរាជធានី និងស្ថិតនៅជិតច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ។
ការវិនិយោគអចលនទ្រព្យនៅតំបន់ Bangna មានការកើនឡើងយ៉ាងគំហុក ខណៈបណ្តាអ្នកអភិវឌ្ឍន៍ធំៗដូចជាក្រុមហ៊ុន Central Group និងក្រុមហ៊ុន The Mall Group កំពុងជំរុញគម្រោងធំៗ ដើម្បីពង្រឹងផលប័ត្ររបស់ពួកគេ។
-->

ថ្មីៗនេះ ក្រុមហ៊ុន CPAXTRA Public Company Limited បានប្រកាសបោះទុនវិនិយោគជាង៨,៣៩ពាន់លានបាតក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះ “The Happitat” ដែលនឹងធ្វើឱ្យតំបន់ Bangna មានភាពរស់រវើកបន្ថែមទៀត។
ដោយឡែក ក្រុមហ៊ុនយក្ស Central Pattana (CPN) ក៏បានពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះផងដែរ ដោយទិញយកក្រុមហ៊ុន Siam Future Development Public Company Limited (SF) ដែលជាម្ចាស់ផ្សារទំនើប “Mega Bangna”ក្នុងតម្លៃទឹកប្រាក់ជាង២០ពាន់លានបាត។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន The Mall Group កំពុងស្ថាបនាគម្រោង “Bangkok Mall” ក្រោមទុនវិនិយោគចំនួន៥០ពាន់លានបាត ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំបំផុតនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះរួមមាន ឆាកសម្រាប់រៀបចំព្រឹត្តិការណ៍ធំៗ សណ្ឋាគារប្រណីត និងទីតាំងកម្សាន្តដ៏ធំទូលាយ ស្ថិតនៅចំទីតាំងជាយុទ្ធសាស្ត្រដើម្បីផ្សារភ្ជាប់ទីក្រុងបាងកកជាមួយតំបន់ច្រករបៀងសេដ្ឋកិច្ច (EEC)។
តំបន់ Bangna-Trad បានវិវត្តន៍ខ្លួនទៅជាមជ្ឈមណ្ឌលនៃឱកាសអាជីវកម្ម និងរបៀបរស់នៅប្រណីត ដោយទាក់ទាញទាំងអ្នកវិនិយោគ និងអ្នកប្រើប្រាស់ ស្របពេលដែលមានការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដូចជាខ្សែរថភ្លើង(MRT) ផ្លូវហាយវេ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងល្បឿនលឿន៕ប្រភព: The Nation៕
