ដោយ: គង់ លាងហួរ
ប៉េកាំង: តម្លៃផ្ទះជួលជាមធ្យមនៅក្នុងទីក្រុងនានារបស់ប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៤ឆ្នាំកាលពីខែវិច្ឆិកា ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះនៅក្នុងទីផ្សារការងារ។
តម្លៃផ្ទះជួលទំហំ១០០ម៉ែត្រការ៉េជាមធ្យមនៅក្នុងទីក្រុងធំៗចំនួន១០០ របស់ប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹមចំនួន២.៦៣៦យ័ន (ប្រហែល៣៦១ដុល្លារ)ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ តម្លៃនេះជាចំនួនទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០។
ការធ្លាក់ចុះនេះសរបង្ហាញឱ្យឃើញពីភាពដុនដាបនៃវិស័យអចលនទ្រព្យក្នុងប្រទេសចិន និងជាបញ្ហាចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។
-->
ការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការបានជះផលប៉ះពាល់យ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យចិន។ ជាក់ស្ដែង មានករណីក្រុមហ៊ុនអភិវឌ្ឍន៍មួយបានសាងសង់ផ្ទះយ៉ាងច្រើនលើសលប់នៅទីក្រុង Qidong ក្នុងខេត្ត Jiangsu ចំនួនជាង៤០.០០០យូនីត។

ជាមួយគ្នានេះ ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនក៏បានធ្វើឱ្យទីផ្សារការងារក្នុងស្រុកជួបប្រទះនឹងបញ្ហាផងដែរ ជាពិសេសអត្រាអ្នកអត់ការងារធ្វើបានជះផលប៉ះពាល់ដល់យុវជន និងកាត់បន្ថយតម្រូវការជួល។
ចំណែក ក្រុមវិនិយោគិន ដែលបានទិញអចលនទ្រព្យសម្រាប់ទុកជាការវិនិយោគឥឡូវនេះ ពួកគេក៏កំពុងប្រឈមមុខនឹងទីផ្សារដ៏លំបាកផងដែរ។
វិនិយោគជាច្រើនបានសម្រេចចិត្តជួលផ្ទះដែលពួកគេបានទិញទៅឱ្យអ្នកដទៃក្នុងតម្លៃទាបដើម្បីទទួលបានដើមទុនត្រឡប់មកវិញ ដែលជំរុញឱ្យតម្លៃធ្លាក់ចុះ។ ដោយឡែក វិនិយោគិនមួយចំនួនទៀតបានលក់ផ្ទះចេញ ក្នុងតម្លៃខាតបង់អស់ពាក់កណ្តាលនៃតម្លៃ ដែលពួកគេបានទិញដំបូង។
ជាឧទាហរណ៍ ផ្ទះ ដែលពីមុនធ្លាប់មានតម្លៃ៤០០.០០០យ័ន(ប្រហែល៥៤.៨០១ដុល្លារ) តែពេលនេះត្រូវបានលក់ចេញក្នុងតម្លៃត្រឹមតែ២០០.០០០យ័នប៉ុណ្ណោះ(ប្រហែល២៧.៤០១ដុល្លារ)។

ដើម្បីស្តារនូវស្ថានការណ៍នេះ រដ្ឋាភិបាលចិនបានអនុវត្តន៍វិធានការផ្សេងៗដើម្បីរក្សាស្ថិរភាពទីផ្សារ។ប៉ុន្តែ ទោះជាយ៉ាងណាក្តី ប្រសិទ្ធភាពនៃការធ្វើអន្តរាគមន៍ទាំងនោះហាក់នៅមានកម្រិតនៅឡើយ។
គោលនយោបាយទាំងនេះ រួមមានការបោះទុនចំនួន៣០០ពាន់លានយ័ន (ប្រហែល៤១,១ពាន់លានដុល្លារ) ដើម្បីគាំទ្រការទិញលំនៅដ្ឋានដែលលក់មិនទាន់ដាច់ និងគោលនយោបាយលើកកម្ពស់សិទ្ធិស្មើគ្នាសម្រាប់អ្នកជួល និងម្ចាស់ផ្ទះ៕ប្រភព: Nikkei Asia៕