ទីក្រុងញូវយ៉កគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអាផាតមុិនថ្មីចំនួន៨២.០០០យូនីត ក្រោមទុនវិនិយោគ៥ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានអនុម័តនូវផែនការសាងសង់អាផាតមុិនថ្មីចំនួន៨២.០០០យូនីត និងបោះទុនវិនិយោគ៥ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានក្នុងរយៈពេល១៥ឆ្នាំ។

ក្រុមអ្នកជំនាញបានព្យាករណ៍ថា ទីក្រុងញូវយ៉ក ត្រូវការលំនៅដ្ឋានបន្ថែមចំនួន៤៧៣.០០០យូនីត នៅត្រឹមឆ្នាំ២០៣២ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងជាលំដាប់។

លោក Eric Adams អភិបាលទីក្រុងញូវយ៉កបានចាប់ផ្តើមធ្វើការតាក់តែងផែនការនេះឡើង បន្ទាប់ពីទិន្នន័យបានបង្ហាញថា កំណើននៃចំនួនការងារបានកើនឡើងលើសពីការអភិវឌ្ឍន៍លំនៅដ្ឋាននៅទូទាំងទីក្រុងញូវយ៉ក អស់រយៈពេល៤ទសវត្សរ៍។

ការអនុម័តនូវផែនការកំណត់តំបន់ឡើងវិញ(Zoning Plan)ពីសំណាក់ក្រុមប្រឹក្សាក្រុងញូវយ៉ក នឹងអនុញ្ញាតឱ្យបណ្តាអ្នកអភិវឌ្ឍន៍អាចសាងសង់លំនៅដ្ឋានបន្ថែមទៀតនៅក្នុងតំបន់ ដែលគ្រួសារពលរដ្ឋអាមេរិកមានប្រាក់ចំណូលទាបរស់នៅ។

លោក Sean Kelly ដៃគូនៅក្រុមហ៊ុន Ariel បានបញ្ជាក់ប្រាប់ទស្សនាវដ្ដី Forbes ថា“ផែនការថ្មីនឹងបង្កើតឱកាសកាន់តែច្រើន ហើយលោកសង្ឃឹមថា ផែនការនេះនឹងបន្ធូរបន្ថយបន្ទុកមួយចំនួនលើអ្នកជួល ហើយវាជារឿងល្អណាស់ ដែលយើងងាកទៅរកការអភិវឌ្ឍន៍សហគមន៍”។

ផែនការថ្មីនេះមានភាពខុសប្លែកគ្នាពីគោលនយោបាយនាពេលកន្លងមក ដែលផ្តោតលើបទប្បញ្ញត្តិអ្នកអភិវឌ្ឍន៏។ ប៉ុន្តែ វិធីសាស្រ្តថ្មីនេះសង្កត់ធ្ងន់លើការសាងសង់លំនៅដ្ឋានបន្ថែមទៀតនៅគ្រប់សង្កាត់ទាំងអស់ដើម្បីបង្កើនការផ្គត់ផ្គង់៕ប្រភព: Yahoo៕

LEAVE A REPLY

Please enter your comment!
Please enter your name here