តម្លៃអចលន​ទ្រព្យ​នៅក្នុង​ប្រទេស​ឥណ្ឌា​អាចវ៉ាដាច់​បណ្តាប្រទេសនានាទូទាំង​តំបន់អាស៊ី ប្រសិនសេដ្ឋកិច្ចឥណ្ឌាបន្តហក់ឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលន​ទ្រព្យ​នៅក្នុង​ប្រទេស​ឥណ្ឌា​អាចនឹងវ៉ាដាច់បណ្តាប្រទេសនានានៅ​ទូទាំង​អាស៊ី ដោយសារកត្តានគរូបនីយកម្ម និងកំណើនសេដ្ឋកិច្ចបានធ្វើឱ្យការលក់ផ្ទះនៅក្នុងប្រទេសអាសុីខាងត្បូងមួយនេះហក់ឡើងខ្លាំង។

ប៉ុន្តែ ទន្ទឹមនឹងការរីកចម្រើននេះ អ្នកជំនាញមួយរូបនៅក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យប្រជាជនឥណ្ឌាជាច្រើនគ្មានលទ្ធភាពទិញផ្ទះថ្មី។

លោក Liam Bailey ប្រធានផ្នែកស្រាវជ្រាវសកលនៃក្រុមហ៊ុន Knight Frank បានថ្លែងប្រាប់កាសែត Nikkei Asia ថា “ប្រសិនបើគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌានឹងបន្តជំរុញកំណើនសេដ្ឋកិច្ច នោះតម្លៃអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មនៅឥណ្ឌានឹងវ៉ាដាច់បណ្តាប្រទេសអាស៊ីផ្សេងទៀត”។

លោកបានបន្តថា “មូលដ្ឋានគ្រឹះនៃទីផ្សារឥណ្ឌាមានភាពវិជ្ជមាន បើគិតពីតម្រូវការអចលនទ្រព្យ កំណើនប្រជាជន នគរូបនីយកម្ម និងកំណើនសេដ្ឋកិច្ច”។

តួយ៉ាង ការ​លក់​ផ្ទះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជាពិសេសនៅទីក្រុង Mumbai ទីក្រុង Bengaluru និងទីក្រុង Delhi កំពុង​កើនឡើងយ៉ាងឆាប់រហ័ស ស្របតាមអត្រាកំណើន​នៃសេដ្ឋកិច្ច​ឥណ្ឌា ដែល​បាន​និង​កំពុង​កើន​ឡើង​លើស​បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗនៅលើ​ពិភពលោក​។

យ៉ាងណាមិញ ស្របពេលដែលតម្រូវការ និងតម្លៃផ្ទះបន្តកើនឡើងយ៉ាងគំហុក ប្រជាជនឥណ្ឌាជាច្រើនបានជួបប្រទះការលំបាក ដោយសារពួកគេមិនអាចស្វែងរកលំនៅដ្ឋានតម្លៃសមរម្យបានទេ។

តួយ៉ាង តម្លៃផ្ទះនៅទីក្រុងបុមបៃ(Mumbai) ដែលជារដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា បានកើនឡើងលើសពី១០ភាគរយ ក្នុងឆ្នាំ២០២៤កន្លងទៅ។នេះបើយោងតាមក្រុមហ៊ុន ​​Knight Frank ។

អត្រាកំណើននេះមិនត្រឹមតែមានកម្រិតខ្ពស់ជាងទីក្រុងធំៗនៅតំបន់អាស៊ីដូចជាសិង្ហបុរី បាងកក តៃប៉ិ និងសេអ៊ូលប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏មានកម្រិតខ្ពស់ជាងទីក្រុងធំៗរបស់សហរដ្ឋអាមេរិកដូចជា ទីក្រុង Los Angeles ទីក្រុង Miami និងទីក្រុង San Francisco ផងដែរ៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here