ស្ថាប័នជំនាញ: ទីផ្សារលំនៅដ្ឋានរបស់ហ្វីលីពីនស្រូបទាញបានឥទ្ធិពលវិជ្ជមានមួយផ្នែកពីកំណើនវិស័យឧស្សាហកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers Philippines បានលើកឡើងថា ឆ្នាំ២០២៤បានផ្តល់នូវមេរៀនជាច្រើនដល់អ្នកអភិវឌ្ឍន៍នៅប្រទេសហ្វីលីពីន ខណៈទីផ្សារអចលនទ្រព្យកំពុងវិវឌ្ឍន៍ឥតឈប់ឈរ។ ហេតុនេះ អ្នកអភិវឌ្ឍន៍ត្រូវចាប់ឱកាសដើម្បីស្ដារភាពរីកចម្រើននៅឆ្នាំ២០២៥។

តួយ៉ាង វិធានការនានា ដែលបានអនុម័តដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos, Jr. ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រែក្លាយហ្វីលីពីនជាមជ្ឈមណ្ឌលទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងតំបន់។ ការវិនិយោគផ្ទាល់ពីបរទេសទាំងនេះនឹងជះផលវិជ្ជមានដល់វិស័យអចលនទ្រព្យហ្វីលីពីន។

ក្នុងចំណោមវិធានការទាំងនោះ ដំណើរការនៃការស្តារឡើងវិញនូវស្ថានភាពផ្នែកហិរញ្ញវត្ថុរបស់បណ្តាក្រុមហ៊ុនសាជីវកម្មនានា និងការលើកទឹកចិត្តផ្នែកពន្ធសម្រាប់សហគ្រាស មានគោលដៅធ្វើឱ្យប្រទេសហ្វីលីពីនមានសមត្ថភាពប្រកួតប្រជែងជាសកល។

វិធានការទាំងនេះបានជះឥទ្ធិពលជាវិជ្ជមានទៅលើវិស័យឧស្សាហកម្ម ដែលបានសម្រេចកំណើនប្រកបដោយនិរន្តរភាព ដោយសារការកើនឡើងនៃតម្រូវការបរិក្ខារខ្សែសង្វាក់ត្រជាក់ និងការផ្តល់សេវាភស្តុភារ។

Colliers អះអាងថា “តម្រូវការឧស្សាហកម្ម ដែលកំពុងកើនឡើងនេះក៏បានជះឥទ្ធិពលវិជ្ជមានមួយផ្នែកលើទីផ្សារលំនៅដ្ឋានផងដែរ ហើយនេះជាហេតុផលចម្បងមួយ ដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យចាប់ផ្តើមរួមបញ្ចូលគម្រោងលំនៅដ្ឋានទៅក្នុងតំបន់សួនឧស្សាហកម្មរបស់ពួកគេ”។

ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់បណ្តាក្រុមហ៊ុនផលិតកម្មរបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន នឹងជំរុញឱ្យមានតម្រូវការបង្កើតសហគមន៍វាយកូនហ្គោល ដែលមិនត្រឹមតែមានទីលានវាយកូនហ្គោលប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងមានគម្រោងលំនៅដ្ឋានផងដែរ។

ក្រុមហ៊ុន Colliers ជឿជាក់ថា ការរួមបញ្ចូលការអភិវឌ្ឍន៍លំនៅដ្ឋានទៅក្នុងសហគមន៍កីឡាវាយកូនហ្គោលនឹងជួយទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកធ្វើដំណើរក្នុងស្រុក និងបរទេស ព្រមទាំងបណ្តាវិនិយោគិនហ្វីលីពីន៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here