អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសចិនសម្រុកលក់ដីទៅកាន់រដ្ឋបាលមូលដ្ឋានដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនមួយចំនួន ដែលទទួលបានការគាំទ្រពីរដ្ឋបាលមូលដ្ឋាន ដូចជាក្រុមហ៊ុន Vanke និងក្រុមហ៊ុន China Resources Land បានសម្រេចលក់ដី ដែលខ្លួនបានប្រមូលទិញទុកកាលពីពេលដែលទីផ្សារអចលនទ្រព្យចិនរីកចម្រើនខ្លាំង។

ក្រុមអ្នកវិភាគជឿជាក់យ៉ាងមុតមាំថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ចិនកាន់តែច្រើននឹងអនុវត្តន៍វិធីសាស្ត្រនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់របស់ពួកគេ។

ក្រុមហ៊ុន Yuexiu Property ដែលទទួលបានការគាំទ្រពីរដ្ឋបាលក្រុងក្វាងចូវ នៃខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន បានសម្រេចលក់ដីក្នុងទំហំទឹកប្រាក់ចំនួន១២ពាន់លានយ័ន(ប្រហែល១,៦ពាន់លានដុល្លារ) ទៅកាន់រដ្ឋបាលមូលដ្ឋានចាប់តាំងពីខែសីហា ឆ្នាំមុន។

ទន្ទឹមគ្នានេះ នៅខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរដ្ឋ China Resources Land បានសម្រេចលក់ដីមួយកន្លែងនៅទីក្រុង Fuzhou ស្ថិតនៅភាគខាងត្បូងនៃខេត្ត Fujian បន្ទាប់ពីខ្លួនបានទិញក្នុងតម្លៃ៩២០លានយ័នកាលពីឆ្នាំ២០១៤។

យ៉ាងណាមិញ រយៈពេល៣ខែក្រោយមក ក្រុមហ៊ុនអភិវឌ្ឍន៍ China Resources Land បានទិញដីត្រឡប់មកវិញក្នុងតម្លៃ៩៤៧លានយ័ន បន្ទាប់ពីរដ្ឋបាលទីក្រុងបានបន្ធូរបន្ថយលក្ខខណ្ឌកាន់តែធូរស្រាលជាងមុន។

លក្ខខណ្ឌធូរស្រាលទាំងនោះរួមមាន ដូចជាការកែសម្រួលសមាមាត្ររវាងទំហំផ្ទៃខាងក្នុងអគារធៀបជាមួយទំហំផ្ទៃក្រឡាដីសម្រាប់សាងសង់(floor area ratios) និងការអនុញ្ញាតឱ្យបំប្លែងគម្រោងពាណិជ្ជកម្មទៅជាលំនៅដ្ឋាន។

លោកស្រី Shi Lulu នាយិកាក្រុមហ៊ុនវាយតម្លៃសាជីវកម្ម Fitch Ratings ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា អ្នកអភិវឌ្ឍន៍នានារបស់ប្រទេសចិនបាននិងកំពុងលក់ដីត្រឡប់ទៅកាន់រដ្ឋបាលក្នុងតំបន់វិញ”។

លោកស្រីបានបន្តថា “អ្នកអភិវឌ្ឍន៍ទាំងនេះភាគច្រើនជាក្រុមហ៊ុនកម្មសិទ្ធិរបស់រដ្ឋ ហើយពួកគេមានអំណាចនៃការចរចាខ្លាំងជាងក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន”។

លោកស្រីបានបន្ថែមថា “វាជារឿងអាចទៅរួចដែលថា ក្រុមហ៊ុនកាន់តែច្រើននឹងចាត់វិធានការស្រដៀងគ្នានេះ។ រដ្ឋបាលក្នុងតំបន់មូលដ្ឋានត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការចរចាទាំងនេះដើម្បីធ្វើឱ្យសកម្មឡើងវិញនូវដី ដែលអ្នកអភិវឌ្ឍន៍ទុកទំនេរចោល”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here