រដ្ឋាភិបាលឥណ្ឌាច្រានចោលគំនិតផ្តួចផ្តើមរបស់រុស្ស៊ី និងចិន ក្នុងការបង្កើតរូបិយបណ្ណរួមរបស់ក្រុមប្រទេស BRICS

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌាជា​ប្រទេស​មានសេដ្ឋកិច្ច​ដ៏​ធំ​មួយ​ក្នុង​ចំណោម​បណ្តាប្រទេស​ជាសមាជិក​នៃ​ក្រុមប្រទេស BRICS រួមមាន៥​ប្រទេស ដូចជា ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

បណ្តាប្រទេស​ដៃគូ​របស់ក្រុមប្រទេស BRICS រួមមាន ប្រទេសអេហ្សុីប ប្រទេសអេត្យូពី ប្រទេសអុីរ៉ង់ និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី ​ត្រូវ​បាន​អនុម័ត​ទទួល​យក​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ BRICS។

កាលពី​ពេលថ្មីៗនេះ រដ្ឋាភិបាល​ឥណ្ឌា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ច្រាន​ចោល​ផែនការ​របស់​ប្រទេស​ចិន និង​រុស្ស៊ី ដែល​កំពុង​កំណត់​យុទ្ធសាស្ត្រ​ឈាន​ដល់​ការ​បង្កើត​រូបិយបណ្ណ​អន្តរជាតិ​រួម​គ្នា​សម្រាប់ប្រើប្រាស់​​ក្នុងចំណោមបណ្តាប្រទេសសមាជិក BRICS និង​បណ្តាប្រទេស​ដៃគូ សំដៅ​កាត់បន្ថយ​ឥទ្ធិពល​ប្រាក់​ដុល្លារ​អាមេរិក​ ដែល​កំពុង​ធ្វើ​ចរាចរ​ណ៍នៅ​ទូទាំង​ពិភពលោក។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ឥណ្ឌា បាន​គូសបញ្ជាក់​ថា “ឥណ្ឌា​មិន​អាច​ចូលរួម​កំណត់​យុទ្ធសាស្ត្រ​របស់ក្រុមប្រទេស BRICS ដើម្បីទប់ស្កាត់ ឬ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​នៅលើ​ទីផ្សារ​របស់​ឥណ្ឌា ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​បាន​នោះទេ ដោយសារក្តីបារម្ភជុំវិញ​ទិដ្ឋភាព​នយោបាយ​ផ្នែកហិរញ្ញវត្ថុ​ជាមួយសហរដ្ឋ​អាមេរិក​”។

ទីក្រុង​ញូវដេលី បាន​ជំទាស់​​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេសចិន និង​រុស្ស៊ី ដែល​ព្យាយាម​កាត់បន្ថយ​ការ​ធ្វើ​ចរាចរ​ណ៍​ប្រាក់​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​អន្តរជាតិ ខណៈទីក្រុង​ញូវដេលីវាយតម្លៃ​ថា ការណ៍នេះពុំមាន​ប្រសិទ្ធភាព​ឡើយ ហើយវាក៏អាច​បង្កផលប៉ះពាល់​លើតម្លៃ​ទំនិញ​ផ្សេងៗ​​ផងដែរ។

លោក S. Jaishankar រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌាបានសង្កត់​ធ្ងន់​ថា ប្រទេស​ឥណ្ឌាមិន​ចាប់អារម្មណ៍​ក្នុង​យុទ្ធសាស្ត្រ​ដណ្ដើម​ឥទ្ធិពល​ពីការ​ធ្វើ​ចរាចរ​ណ៍រូបិយបណ្ណ​ថ្មី​ណា​មួយ​ឡើយ។

លោក Jaishankar បានបញ្ជាក់ប្រាប់​ទៅ​កាន់បណ្តាប្រទេស​ជាសមាជិកក្នុងក្រុមប្រទេស BRICS ថា ទីក្រុង​ញូវដេលីនៅតែ​បន្ត​ប្រើប្រាស់​រូបិយបណ្ណ​ប្រាក់ដុល្លារ​អាមេរិក​ ខណៈសេដ្ឋកិច្ច​ឥណ្ឌា​កំពុងរីក​ចម្រើនយ៉ាងឆាប់រហ័ស​​ ដោយអាស្រ័យ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​​អេឡិចត្រូនិក Swift code របស់​សហរដ្ឋអាមេរិក។

លោក​បន្ត​ថា “បណ្តាប្រទេស​មួយចំនួនក្នុង​សម្ព័ន្ធភាព BRICS កំពុង​សាកល្បង​កាត់បន្ថយ​ចរាចរ​ណ៍រូបិយបណ្ណ​ប្រាក់​ដុល្លារ​អាមេរិក​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​ជាមួយ​ដៃគូ។ ប៉ុន្តែ ពួកគេនៅតែ​មិន​អាច​បោះបង់​ចោល​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ Swift code របស់​សហរដ្ឋ​អាមេរិក​បាន​ឡើយ។ ដូច្នេះ ការឈប់ប្រើប្រាស់ប្រាក់ដុល្លារពុំ​មែន​ជា​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់​សេដ្ឋកិច្ច​ឥណ្ឌាទេ”។

ជា​រួម​ លោក Jaishankar អះអាង​ថា ឥណ្ឌា​បាន​សម្រេច​ដកខ្លួន​ពី​គំនិត​ផ្តួចផ្តើមប្រឆាំង​នឹងការ​ធ្វើ​ចរាចរ​ណ៍ប្រាក់​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​អន្តរជាតិ ទោះ​បីជាមាន​ប្រព័ន្ធ​ចរន្ត​ផ្ទេរ​ប្រាក់​ថ្មី​ណា​មួយ​យ៉ាងណាក្តី ខណៈទីក្រុង​ញូវដេលីមិន​ចង់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ឥណ្ឌា រង​​ផលប៉ះពាល់៕ប្រភព: The Economic Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here