ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌាជាប្រទេសមានសេដ្ឋកិច្ចដ៏ធំមួយក្នុងចំណោមបណ្តាប្រទេសជាសមាជិកនៃក្រុមប្រទេស BRICS រួមមាន៥ប្រទេស ដូចជា ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងប្រទេសអាហ្វ្រិកខាងត្បូង។
បណ្តាប្រទេសដៃគូរបស់ក្រុមប្រទេស BRICS រួមមាន ប្រទេសអេហ្សុីប ប្រទេសអេត្យូពី ប្រទេសអុីរ៉ង់ និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានអនុម័តទទួលយកជាសមាជិកពេញសិទ្ធិរបស់ BRICS។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលផែនការរបស់ប្រទេសចិន និងរុស្ស៊ី ដែលកំពុងកំណត់យុទ្ធសាស្ត្រឈានដល់ការបង្កើតរូបិយបណ្ណអន្តរជាតិរួមគ្នាសម្រាប់ប្រើប្រាស់ក្នុងចំណោមបណ្តាប្រទេសសមាជិក BRICS និងបណ្តាប្រទេសដៃគូ សំដៅកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារអាមេរិក ដែលកំពុងធ្វើចរាចរណ៍នៅទូទាំងពិភពលោក។
-->

សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌា បានគូសបញ្ជាក់ថា “ឥណ្ឌាមិនអាចចូលរួមកំណត់យុទ្ធសាស្ត្ររបស់ក្រុមប្រទេស BRICS ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅលើទីផ្សាររបស់ឥណ្ឌា ទាំងក្នុងប្រទេស និងក្រៅប្រទេសបាននោះទេ ដោយសារក្តីបារម្ភជុំវិញទិដ្ឋភាពនយោបាយផ្នែកហិរញ្ញវត្ថុជាមួយសហរដ្ឋអាមេរិក”។
ទីក្រុងញូវដេលី បានជំទាស់គំនិតផ្ដួចផ្ដើមរបស់ប្រទេសចិន និងរុស្ស៊ី ដែលព្យាយាមកាត់បន្ថយការធ្វើចរាចរណ៍ប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ ខណៈទីក្រុងញូវដេលីវាយតម្លៃថា ការណ៍នេះពុំមានប្រសិទ្ធភាពឡើយ ហើយវាក៏អាចបង្កផលប៉ះពាល់លើតម្លៃទំនិញផ្សេងៗផងដែរ។

លោក S. Jaishankar រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាបានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌាមិនចាប់អារម្មណ៍ក្នុងយុទ្ធសាស្ត្រដណ្ដើមឥទ្ធិពលពីការធ្វើចរាចរណ៍រូបិយបណ្ណថ្មីណាមួយឡើយ។
លោក Jaishankar បានបញ្ជាក់ប្រាប់ទៅកាន់បណ្តាប្រទេសជាសមាជិកក្នុងក្រុមប្រទេស BRICS ថា ទីក្រុងញូវដេលីនៅតែបន្តប្រើប្រាស់រូបិយបណ្ណប្រាក់ដុល្លារអាមេរិក ខណៈសេដ្ឋកិច្ចឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយអាស្រ័យលើការប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អេឡិចត្រូនិក Swift code របស់សហរដ្ឋអាមេរិក។
លោកបន្តថា “បណ្តាប្រទេសមួយចំនួនក្នុងសម្ព័ន្ធភាព BRICS កំពុងសាកល្បងកាត់បន្ថយចរាចរណ៍រូបិយបណ្ណប្រាក់ដុល្លារអាមេរិកនៅលើទីផ្សាររបស់ខ្លួនជាមួយដៃគូ។ ប៉ុន្តែ ពួកគេនៅតែមិនអាចបោះបង់ចោលប្រព័ន្ធផ្ទេរប្រាក់ Swift code របស់សហរដ្ឋអាមេរិកបានឡើយ។ ដូច្នេះ ការឈប់ប្រើប្រាស់ប្រាក់ដុល្លារពុំមែនជាគោលនយោបាយយុទ្ធសាស្ត្រសម្រាប់សេដ្ឋកិច្ចឥណ្ឌាទេ”។
ជារួម លោក Jaishankar អះអាងថា ឥណ្ឌាបានសម្រេចដកខ្លួនពីគំនិតផ្តួចផ្តើមប្រឆាំងនឹងការធ្វើចរាចរណ៍ប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ ទោះបីជាមានប្រព័ន្ធចរន្តផ្ទេរប្រាក់ថ្មីណាមួយយ៉ាងណាក្តី ខណៈទីក្រុងញូវដេលីមិនចង់ធ្វើឱ្យសេដ្ឋកិច្ចរបស់ឥណ្ឌា រងផលប៉ះពាល់៕ប្រភព: The Economic Times៕
