តម្លៃជួលការិយាល័យលំដាប់ខ្ពស់នៅទីក្រុងហុងកុង និងសិង្ហបុរីរំពឹងឈានដល់កម្រិតស្មើគ្នានៅឆ្នាំ២០២៧ខាងមុខ

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា តម្លៃជួលការិយាល័យលំដាប់ខ្ពស់(Prime)នៅទីក្រុងហុងកុង និងសិង្ហបុរីនឹងឈានដល់កម្រិតស្មើគ្នានៅឆ្នាំ២០២៧ ដោយសារសក្ដានុពលនៃតម្រូវការ និងការផ្គត់ផ្គង់ការិយាល័យនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុទាំង២។

លោកស្រី Ada Choi ប្រធានផ្នែកស្រាវជ្រាវសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន CBRE អះអាងថា នៅត្រីមាសទី៤ ឆ្នាំ២០២៧ តម្លៃជួលការិយាល័យលំដាប់ខ្ពស់នៅទីក្រុងហុងកុងនៃប្រទេសចិននឹងស្ថិតក្នុងរង្វង់ជាង១២២ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ។

ចំណែក តម្លៃជួលការិយាល័យលំដាប់ខ្ពស់ (Prime) នៅទីក្រុងសិង្ហបុរីត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងរង្វង់ប្រហែល១២៣ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ។

យោងតាមទិន្នន័យដាច់ដោយឡែកពីក្រុមហ៊ុន ​​Knight Frank បានឱ្យដឹងថា អត្រាការិយាល័យទំនេរនៅសិង្ហបុរីបានស្ថិតក្នុងរង្វង់៥,៣ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៥ ដែលជាកម្រិតទាបបំផុតមួយក្នុងតំបន់ បន្ទាប់ពីទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។

ទំហំការិយាល័យថ្មីបន្ថែមចំនួន២លានហ្វីតការ៉េត្រូវបានគេរំពឹងថា នឹងចាក់បញ្ចូលទៅក្នុងទីក្រុងហុងកុងនៅចុងឆ្នាំនេះ។ ក្រុមហ៊ុន CBRE បានព្យាករណ៍ថា អត្រាការិយាល័យទំនេរនៅក្នុងទីក្រុងហុងកុងអាចកើនឡើងដល់១៩ភាគរយ លើសពីកំណត់ត្រាចំនួន១៧ភាគរយនៅក្នុងត្រីមាសទី៣។

ក្រុមហ៊ុន CBRE បានគូសបញ្ជាក់ថា ដោយសារលក្ខខណ្ឌទីផ្សារខាងលើនេះ តម្លៃជួលការិយាល័យនៅទីក្រុងហុងកុងបានធ្លាក់ចុះ៥,១ភាគរយនៅក្នុងត្រីមាសទី៣ បើធៀបនឹងឆ្នាំមុន ខណៈតម្លៃជួលការិយាល័យនៅប្រទេសសិង្ហបុរីបានកើនឡើង២,១ភាគរយ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here