ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងបន្តងើបឡើងវិញយ៉ាងសន្សឹមៗ ហើយនឹងអាចកើនឡើងក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៥នេះ។
តាមរយៈរបាយការណ៍ស្តីពី បច្ចុប្បន្នភាពប្រចាំត្រីមាស ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារម្សិលមិញ ស្ថាប័នAMRO បានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងបន្តស្ថិត ក្នុងចំណោមបណ្តាប្រទេសចំនួន៥ ក្នុងតំបន់អាស៊ាន ដែលសម្រេចបានកំណើនសេដ្ឋកិច្ច លឿនបំផុតនៅឆ្នាំ២០២៥។
-->

របាយការណ៍បានគូសបញ្ជាក់ថា ប្រទេសវៀតណាមនឹងស្ថិតនៅលំដាប់កំពូលទី១ ក្នុងតំបន់អាស៊ាន ដោយត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើន សេដ្ឋកិច្ចចំនួន៦,៥ភាគរយនៅឆ្នាំនេះ។
ចំណែក ប្រទេសហ្វីលីពីនឈរនៅលេខរៀងទី២ ដោយត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចចំនួន៦,៣ភាគរយនៅឆ្នាំ២០២៥ ខណៈកម្ពុជាឈរនៅលេខរៀងទី៣ តាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។
ស្ថាប័ន AMRO បានវាយតម្លៃថា កំណើននៃវិស័យកាត់ដេរនៅកម្ពុជានឹងស្ទុះងើបឡើងវិញ ជាលំដាប់នៅឆ្នាំ២០២៥នេះ ដោយសារតែតម្រូវការបញ្ជាទិញកាន់តែច្រើន ពីបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗ។

ដោយឡែក វិស័យកម្មន្តសាល មិនមែនកាត់ដេរត្រូវបានព្យាករ ណ៍ថា នឹងរក្សាបាននូវសន្ទុះកំណើនយ៉ាងរឹងមាំ ដោយសារស្ថិរភាពនៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលមកកម្ពុជា។
ជាមួយគ្នានេះ វិស័យទេសចរណ៍របស់កម្ពុជា នឹងត្រូវបានជួយជំរុញដោយការកើនឡើង នៃចំនួនជើងហោះហើរថ្មី ការបន្តវិលត្រឡប់មកវិញនៃភ្ញៀវទេសចរណ៍បរទេស ជាពិសេសពីប្រទេសចិន និងតម្រូវការប្រើប្រាស់ក្នុងស្រុក។ ការណ៍នេះនឹងជួយពង្រឹងបន្ថែមទៀតនូវការងើបឡើងវិញនៃវិស័យសេវាកម្ម។

ទោះបីជាយ៉ាងណាក្តី វិស័យសំណង់អាចបន្តជួបប្រទះបញ្ហាប្រឈម ដោយសារការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ ប៉ុន្តែការបង្កើនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ ពីបញ្ហាទីផ្សារអចលនទ្រព្យ។
ដោយឡែក របាយការណ៍ស្តីពីទស្សនវិស័យ សេដ្ឋកិច្ចសកលថ្មីចុងក្រោយបង្អស់ របស់ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងក្នុងអត្រា៥,៥ភាគរយ សម្រាប់ឆ្នាំ២០២៥នេះ បើធៀបនឹងកំណើនប្រមាណ៥,៣ភាគរយ កាលពីឆ្នាំ២០២៤៕ប្រភព: AMRO៕
