ស្ថាប័នអន្តរជាតិធំៗចំនួន២ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ក្នុងរង្វង់ជាង៥ភាគរយ និងឈរលេខរៀងទី៣នៅអាស៊ាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងបន្តងើបឡើងវិញយ៉ាងសន្សឹមៗ ហើយនឹងអាចកើនឡើងក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៥នេះ។

តាមរយៈរបាយការណ៍ស្តីពី បច្ចុប្បន្នភាពប្រចាំត្រីមាស ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារម្សិលមិញ ស្ថាប័នAMRO បានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងបន្តស្ថិត ក្នុងចំណោមបណ្តាប្រទេសចំនួន៥ ក្នុងតំបន់អាស៊ាន ដែលសម្រេចបានកំណើនសេដ្ឋកិច្ច លឿនបំផុតនៅឆ្នាំ២០២៥។

របាយ​ការណ៍​បាន​គូសបញ្ជាក់ថា ប្រទេស​វៀតណាម​នឹងស្ថិត​នៅ​លំដាប់​កំពូល​ទី១ ក្នុងតំបន់អាស៊ាន ដោយ​ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រា​កំណើន ​សេដ្ឋកិច្ចចំនួន៦,៥​ភាគរយនៅឆ្នាំនេះ។

ចំណែក ប្រទេសហ្វីលីពីន​ឈរនៅលេខរៀងទី២ ដោយ​ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រា​កំណើន​សេដ្ឋកិច្ចចំនួន៦,៣​ភាគរយនៅឆ្នាំ២០២៥ ខណៈកម្ពុជា​ឈរនៅលេខរៀងទី៣ តាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ី​ និង​ប្រទេសម៉ាឡេស៊ី។

ស្ថាប័ន AMRO បានវាយតម្លៃថា កំណើននៃវិស័យកាត់ដេរនៅកម្ពុជានឹងស្ទុះងើបឡើងវិញ ជាលំដាប់នៅឆ្នាំ២០២៥នេះ ដោយសារតែតម្រូវការបញ្ជាទិញកាន់តែច្រើន ពីបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗ។

ដោយឡែក វិស័យកម្មន្តសាល មិនមែនកាត់ដេរត្រូវបានព្យាករ ណ៍ថា នឹងរក្សាបាននូវសន្ទុះកំណើនយ៉ាងរឹងមាំ ដោយសារស្ថិរភាពនៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលមកកម្ពុជា។

ជាមួយគ្នានេះ វិស័យទេសចរណ៍របស់កម្ពុជា នឹងត្រូវបានជួយជំរុញដោយការកើនឡើង នៃចំនួនជើងហោះហើរថ្មី ការបន្តវិលត្រឡប់មកវិញនៃភ្ញៀវទេសចរណ៍បរទេស ជាពិសេសពីប្រទេសចិន និងតម្រូវការប្រើប្រាស់ក្នុងស្រុក។ ការណ៍នេះនឹងជួយពង្រឹងបន្ថែមទៀតនូវការងើបឡើងវិញនៃវិស័យសេវាកម្ម។

ទោះបីជាយ៉ាងណាក្តី វិស័យសំណង់អាចបន្តជួបប្រទះបញ្ហាប្រឈម ដោយសារការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ ប៉ុន្តែការបង្កើនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ ពីបញ្ហាទីផ្សារអចលនទ្រព្យ។

ដោយឡែក របាយការណ៍ស្តីពីទស្សនវិស័យ សេដ្ឋកិច្ចសកលថ្មីចុងក្រោយបង្អស់ របស់ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងក្នុងអត្រា៥,៥ភាគរយ សម្រាប់ឆ្នាំ២០២៥នេះ បើធៀបនឹងកំណើនប្រមាណ៥,៣ភាគរយ កាលពីឆ្នាំ២០២៤៕ប្រភព: AMRO៕

LEAVE A REPLY

Please enter your comment!
Please enter your name here