ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញរបស់ប្រទេសកម្ពុជាអាចផ្តល់ភាគលាភពីការជួល(Rental yields) ក្នុងរង្វង់ពី៦ភាគរយទៅ៧ភាគរយក្នុងមួយឆ្នាំ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank អះអាងថា តួលេខនេះមានការប្រកួតប្រជែងបើប្រៀបធៀបនឹងទីផ្សារផ្សេងទៀតក្នុងតំបន់។
Knight Frank បានគូសបញ្ជាក់ថា តម្រូវការអចលនទ្រព្យសម្រាប់ជួលនៅតំបន់ទីប្រជុំជន ដូចជាតំបន់បឹងកេងកង១ (BKK1) កំពុងទាក់ទាញកំណើននៃការវិនិយោគក្នុងស្រុក និងការវិនិយោគពីបរទេស។
-->

តម្រូវការនេះត្រូវបានជំរុញដោយសារតែតំបន់បឹងកេងកង១ មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ និងមានបរិក្ខារចាំបាច់នៅជិត ដែលធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ ជាពិសេសសម្រាប់អ្នកជួល។
ទន្ទឹមនឹងនោះ តំបន់បឹងកេងកង១ កំពុងផ្តល់ផលចំណេញគួរជាទីពេញចិត្តសម្រាប់អ្នកវិនិយោគអចលនទ្រព្យលំនៅដ្ឋាន។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។
ដោយឡែក ចំពោះប្រទេសជិតខាងរបស់កម្ពុជា ដូចជាប្រទេសថៃ ក្រុមហ៊ុន Knight Frank បានកត់សម្គាល់ឃើញថា ទីផ្សារអចលនទ្រព្យនៅទីក្រុងបាងកកមានសភាពរឹងមាំក្នុងពេលថ្មីៗនេះ ជាពិសេសនៅក្នុងផ្នែកអចលនទ្រព្យប្រណីត ដែលជំរុញដោយលំហូរវិនិយោគផ្ទាល់ពីបរទេស។

ទីផ្សារអចលនទ្រព្យប្រណីតនៅទីក្រុងបាងកកបានបង្ហាញពីភាពធន់ក្នុងរយៈពេលថ្មីៗនេះ ទោះបីជាមានបញ្ហាប្រឈមដូចជា កង្វះដីធ្លី និងការកើនឡើងថ្លៃដើមនៃការសាងសង់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ស្ថិតនៅតាមបណ្តោយមាត់ទន្លេចៅប្រាយ៉ា(Chao Phraya) យ៉ាងណាក្តី។
មិនខុសពីទីផ្សារអចលនទ្រព្យប្រណីតនៅកម្ពុជា ជនបរទេសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពនៃទីផ្សារអចលនទ្រព្យប្រណីតរបស់ទីក្រុងបាងកក ដោយក្នុងនោះ អ្នកវិនិយោគចិនជាអ្នកទិញនាំមុខគេ៕ប្រភព: Knight Frank៕
