តើទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញមានស្ថានភាពជារួមដូចម្តេចនៅឆមាសទី១?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ថ្មីៗនេះ ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE Cambodia បានចេញផ្សាយរបាយការណ៍វាយតម្លៃស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅនៃផ្នែកនីមួយៗក្នុងវិស័យអចលនទ្រព្យ៖

ទី១: ការិយាល័យ

អគារការិយាល័យដែលបានបញ្ចប់ការសាងសង់នៅឆមាសទី១ រួមមានអគារ Chief Tower មួយប៉ុណ្ណោះ។ ចំណែក អត្រាគ្របដណ្តប់ការជួលការិយាល័យជាមធ្យម(Occupancy Rate) នៅទូទាំងរាជធានីភ្នំពេញសម្រេចបានចំនួន៦៤ភាគរយ។

តម្លៃជួលការិយាល័យកម្រិត A បានធ្លាក់ចុះ៧,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹមជាង៣០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈតម្លៃជួលការិយាល័យកម្រិត B ក្នុងតំបន់ពាណិជ្ជកម្មកណ្តាលបានធ្លាក់ចុះ០,១ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹមប្រហែល២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាង គឹម កិនកេសា នាយិកាជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ទីផ្សារបានសញ្ញាមិនច្បាស់លាស់នៅឆមាសទីមួយនៃឆ្នាំនេះ។ ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដូចជាការិយាល័យបានជួបប្រទះការប្រែប្រួលជាបន្តបន្ទាប់ទាំងតម្រូវការ និងតម្លៃជួល។

ទី២: ផ្នែកលក់រាយ

ផ្សារទំនើប “The Commons Community Mall”ស្ថិតនៅខណ្ឌទួលគោក ជាប្រភេទគម្រោងអចលនទ្រព្យលក់រាយដែលបានបញ្ចប់ការសាងសង់ក្នុងឆមាសទី១។ អត្រាគ្របដណ្តប់ការជួលទីតាំងលក់រាយទៅទូទាំងរាជធានីភ្នំពេញសម្រេចបានចំនួន៥៨,៦ភាគរយក្នុងឆមាសទី១។

តម្លៃជួលទីតាំងលក់រាយនៅតាមផ្សារទំនើប(Shopping Mall)បានកើនឡើង៤,៣ភាគរយក្នុងឆមាសទី១ ខណៈតម្លៃជួលទីតាំងលក់រាយនៅតាមផ្សារទំនើបសហគមន៍(Community Mall)បានធ្លាក់ចុះ៤,១ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤។

ទី៣: ផ្នែកលំនៅដ្ឋាន

គម្រោងខុនដូដែលបានបញ្ចប់ការសាងសង់នៅឆមាសទី១ រួមមានអគារ Vue Aston អគារ East Condo Sensok អគារ City View និងអគារ La Vista One។ ចំនួនខុនដូ ដែលបានបញ្ចប់ការសាងសង់ក្នុងឆមាសទី១ មានចំនួនជាង៣.៦០០យូនីត។

តម្លៃខុនដូលំដាប់សមរម្យបានកើនឡើង១,០៤ភាគរយដល់ចំនួនជាង១.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆមាសទី១ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈតម្លៃខុនដូលំដាប់មធ្យមបានកើនឡើង៦,៩ភាគរយដល់ជិត២.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែក តម្លៃខុនដូលំដាប់ខ្ពស់ ឬប្រណីតបានកើនឡើង១,៩ភាគរយដល់ជាង៣.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ គម្រោងបុរីដែលបានបញ្ចប់ការសាងសង់នៅឆមាសទី១ រួមមាន បុរី William Angkor Chey បុរី Lay Kong Emerald Residence បុរី Chom Chao Premium by Chea Ry និងបុរី L Village Village ដំណាក់កាលទី១ និងបុរី Khemarak Phumi ជាដើម។

គម្រោងបុរី ដែលបានបើកដំណើរការលក់លំនៅដ្ឋាននៅឆមាសទី១ មានចំនួន១១គម្រោង ស្មើនឹងជាង១.៩០០យូនីត និងចំនួនលំនៅដ្ឋាន ដែលបានបញ្ចប់ការសាងសង់មានចំនួនជាង២.១០០យូនីត។

អ្នកនាង គឹម កិនកេសា បានលើកឡើងថា បណ្តាអ្នកអភិវឌ្ឍន៍កំពុងមានទំនុកចិត្តខ្ពស់ជាងមុនចំពោះទីផ្សារ និងការធ្វើពិពិធកម្មពីគម្រោងលំនៅដ្ឋានកម្រិតខ្ពស់ទៅជាគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យជាងមុន។

ទី៤: ផ្នែកអចលនទ្រព្យឧស្សាហកម្ម

ក្នុងឆមាសទី១ គម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន២ត្រូវបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា រួមមានតំបន់សេដ្ឋកិច្ចពិសេសកំពតហ្វូណនទំហំ៧២១ហិកតា និងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ប៊ីនហៃព្រៃនប់ ក្នុងខេត្តព្រះសីហនុទំហំ២៣៤ហិកតា។

ជាមួយគ្នានេះ កម្ពជាកំពុងបោះជំហានឆ្ពោះទៅការធ្វើពិពិធកម្មឧស្សាហកម្មផលិត និងការនាំចេញ។ តួយ៉ាង ក្រុមហ៊ុនយក្សចិន BYD បានចាប់ផ្តើមសាងសង់រោងចក្រផលិតយានយន្តអគ្គិសនីនៅកម្ពុជា៕ប្រភព: CBRE Cambodia ៕

LEAVE A REPLY

Please enter your comment!
Please enter your name here