បណ្តាអ្នកអភិវឌ្ឍន៍នៅសិង្ហបុរីងាកទៅសាងសង់ខុនដូក្នុងទំហំកាន់តែតូចជាងមុន ដើម្បីសម្របតាមលទ្ធភាពអ្នកទិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទំហំខុនដូនៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ស្របពេលដែលបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅសិង្ហបុរីកំពុងព្យាយាមរក្សាតម្លៃខុនដូរបស់ខ្លួនឱ្យស្ថិតក្រោមគ្រប់គ្រងបាន។

ក្រុមអ្នកវិភាគបានវាយតម្លៃថា មូលហេតុដែលនាំឱ្យអ្នកអភិវឌ្ឍន៍សម្រេចចិត្តសាងសង់ខុនដូក្នុងទំហំកាន់តែតូចជាងមុនបណ្តាលមកពីការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដល់អ្នកទិញផ្ទះ ការដាក់ចេញវិធានការទប់ស្កាត់តម្លៃអចលនទ្រព្យពីសំណាក់រដ្ឋាភិបាលសិង្ហបុរី និងការផ្លាស់ប្តូរនៃតម្រូវការប្រជាសាស្រ្ត។

កត្តាទាំងនេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ងាកទៅសាងសង់យូនីតខុនដូតូចៗដើម្បីរក្សាតម្លៃខុនដូឱ្យស្ថិតនៅត្រឹមកម្រិតមួយ ដែលអតិថិជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញ។

តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជននៅក្នុងប្រទេសសិង្ហបុរីបានហក់ឡើងចំនួន៧៦,៩ភាគរយគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤។ នេះបើយោងតាមការដកស្រង់មកចុះផ្សាយដោយកាសែតសិង្ហបុរី The Strait Times។

យោងតាមរបាយការណ៍ពីក្រុមហ៊ុន ​​Cushman & Wakefield បានឱ្យដឹងថា ទំហំខុនដូថ្មីជាមធ្យមនៅទូទាំងទីក្រុងសិង្ហបុរីបានដាំក្បាលចុះ១០,៦ភាគរយ ពីទំហំ១.០១២ហ្វីតការ៉េក្នុងមួយយូនីតកាលពីឆ្នាំ២០១០ មកនៅសល់ត្រឹម៩០៤ហ្វីតការ៉េក្នុងមួយយូនីតនាពេលបច្ចុប្បន្ន។

ក្នុងរយៈពេល១៥ឆ្នាំមកនេះ ខុនដូតូចៗភាគច្រើនមានទីតាំងនៅចំកណ្តាលទីក្រុងសិង្ហបុរី ដោយបានដាំក្បាលចុះ២០,៦ភាគរយពីទំហំជាមធ្យមចំនួន១.០៤៤ហ្វីតការ៉េក្នុងមួយយូនីតនៅឆ្នាំ២០១០ មកនៅត្រឹមទំហំចំនួន៨២៩ហ្វីតការ៉េក្នុងមួយយូនីតនាពេលបច្ចុប្បន្ន។

ដោយឡែក ទំហំខុនដូថ្មីជាមធ្យមនៅតំបន់ជាយក្រុងសិង្ហបុរីបានដាំក្បាលចុះត្រឹមតែ១៣,៤ភាគរយពីទំហំ១.០៤៤ហ្វីតការ៉េក្នុងមួយយូនីតនៅឆ្នាំ២០១០មកនៅត្រឹមទំហំ៩០៤ហ្វីតការ៉េក្នុងមួយយូនីត៕ប្រភព: The Strait Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here