តើទំហំទឹកប្រាក់ចំនួន១លានដុល្លារអាមេរិកអាចទិញបានផ្ទះទំហំប៉ុណ្ណានៅក្នុងទីផ្សារអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេលើពិភពលោក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ប្រសិនបើមានថវិកាចំនួន១លានដុល្លារអាមេរិក អតិថិជនអាចទិញបានផ្ទះប្រណីតទំហំ២២ម៉ែត្រការ៉េនៅក្នុងទីក្រុងហុងកុង ឬផ្ទះទំហំ៣២ម៉ែត្រការ៉េនៅក្នុងប្រទេសសិង្ហបុរី។

តួលេខនេះបានធ្វើឱ្យទីក្រុងហុងកុងក្លាយជាទីផ្សារអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេបំផុតនៅតំបន់អាស៊ី។នេះបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិឆ្នាំ២០២៥ “Wealth Report 2025”ដែលបានចេញផ្សាយដោយក្រុមហ៊ុន Knight Frank។

ប៉ុន្តែ ប្រសិនបើគិតនៅទូទាំងពិភពលោក ទីក្រុងហុងកុងបានឈរនៅលេខរៀងទី២ បន្ទាប់ពីប្រទេសម៉ូណាកូ។ ទំហំទឹកប្រាក់ចំនួន១លានដុល្លារ អាចទិញផ្ទះទំហំ១៩ម៉ែត្រការ៉េនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ។

របាយការណ៍ខាងលើបង្ហាញទៀតថា ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៣ ខណៈទំហំទឹកប្រាក់ចំនួន១លានដុល្លារ អាចទិញបានផ្ទះទំហំ៣២ម៉ែត្រការ៉េនៅក្នុងប្រទេសកូនកោះមួយនេះ។

ដោយឡែក ទីក្រុងបុមបៃ(Mumbai)របស់ប្រទេសឥណ្ឌាបានជាប់ឈ្មោះជាទីផ្សារអចលនទ្រព្យ ដែលមានតម្លៃទាបជាងគេបំផុត។ ទំហំទឹកប្រាក់ចំនួន១លានដុល្លារ អាចទិញបានផ្ទះទំហំ៩៩ម៉ែត្រការ៉េនៅក្នុងទីក្រុងបុមបៃ។

អំណាចនៃការទិញនៅទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្ថិតក្នុងសភាពទ្រឹងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលធ្វើឱ្យអតិថិជនងាយស្រួលក្នុងការចរចាតម្លៃ។

ដោយឡែក ទីផ្សារអចលនទ្រព្យនៅទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេសបានធ្លាក់ចុះ។តួយ៉ាង ទំហំទឹកប្រាក់ចំនួន១លានដុល្លារអាចទិញបានផ្ទះទំហំ៣៤ម៉ែត្រការ៉េនៅទីក្រុងឡុងដ៍កាលពីឆ្នាំមុន បើធៀបនឹង២៣ម៉ែត្រការ៉េក្នុងឆ្នាំ២០១៤៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here