សិង្ហបុរីគ្រោងសាងសង់សណ្ឋាគារដែលមានតម្លៃស្នាក់នៅខ្ពស់កប់ពពក និងរមណីយដ្ឋានជិះស្គីទឹកកកនៅប្រទេសជប៉ុន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Patience Capital Group គ្រោងបោះទុនវិនិយោគចំនួន១,៤ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់រមណីយដ្ឋានជិះស្គីដ៏ធំនៅតំបន់ខ្ពង់រាប Myoko របស់ប្រទេសជប៉ុន ដែលមានព្រិលធ្លាក់ខ្លាំង។

ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Patience Capital Group គ្រោងសាងសង់អគារសណ្ឋាគារចំនួន២នៅតំបន់មួយនេះ ដែលនឹងមានតម្លៃស្នាក់នៅខ្ពស់កប់ពពកចំនួន១.៣៥០ដុល្លារអាមេរិកក្នុងមួយយប់។

គម្រោងនេះនឹងបង្កើតឱកាសការងារចំនួន១.០០០កន្លែង និងជំរុញវិស័យទេសចរណ៍របស់ប្រទេសជប៉ុនក្នុងរដូវរងារ។ប៉ុន្តែ ប្រជាជនមូលដ្ឋាន ដែលរស់នៅក្នុងតំបន់ Myoko បានបង្ហាញក្តីបារម្ភថា គម្រោងដែលមានតម្លៃជាង១ពាន់លានដុល្លារអាមេរិកនេះអាចបំផ្លិចបំផ្លាញវប្បធម៌ប្រពៃណីរបស់ពួកគេ។

កន្លងមក ផ្ទះសំណាក់ តំបន់ជិះស្គី និងភោជនីយដ្ឋានជាច្រើននៅទីក្រុង Akakura ដែលទីក្រុងមួយក្នុងចំណោមទីក្រុងរមណីយដ្ឋានជិះស្គីធំៗចំនួន៥ នៅក្នុងតំបន់ Myoko ត្រូវបានជនបរទេសទិញយក។

ប៉ុន្តែ​ បណ្តាជនបរទេសទាំងនោះ​ចាប់​អារម្មណ៍​តែ​លើ​ព្រិល​ប៉ុណ្ណោះ ហើយ​នៅពេល​ដែល​ព្រិលរលាយ​អស់ អាជីវកម្ម​ទាំង​នោះ​ក៏​បិទទ្វារដែរ។ ការណ៍នេះបានធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ នៅពេលរដូវរងារកន្លងផុតទៅ។

តំបន់រមណីយដ្ឋានជិះស្គីនៅលើព្រិលទឹកកកជាផ្នែកមួយដ៏ធំក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍របស់ប្រទេសជប៉ុន ស្របពេលតម្លៃប្រាក់យ៉េនដាំក្បាលចុះ ដែលជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍បរទេស៕ប្រភព: CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here