ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Patience Capital Group គ្រោងបោះទុនវិនិយោគចំនួន១,៤ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់រមណីយដ្ឋានជិះស្គីដ៏ធំនៅតំបន់ខ្ពង់រាប Myoko របស់ប្រទេសជប៉ុន ដែលមានព្រិលធ្លាក់ខ្លាំង។
ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Patience Capital Group គ្រោងសាងសង់អគារសណ្ឋាគារចំនួន២នៅតំបន់មួយនេះ ដែលនឹងមានតម្លៃស្នាក់នៅខ្ពស់កប់ពពកចំនួន១.៣៥០ដុល្លារអាមេរិកក្នុងមួយយប់។
គម្រោងនេះនឹងបង្កើតឱកាសការងារចំនួន១.០០០កន្លែង និងជំរុញវិស័យទេសចរណ៍របស់ប្រទេសជប៉ុនក្នុងរដូវរងារ។ប៉ុន្តែ ប្រជាជនមូលដ្ឋាន ដែលរស់នៅក្នុងតំបន់ Myoko បានបង្ហាញក្តីបារម្ភថា គម្រោងដែលមានតម្លៃជាង១ពាន់លានដុល្លារអាមេរិកនេះអាចបំផ្លិចបំផ្លាញវប្បធម៌ប្រពៃណីរបស់ពួកគេ។
កន្លងមក ផ្ទះសំណាក់ តំបន់ជិះស្គី និងភោជនីយដ្ឋានជាច្រើននៅទីក្រុង Akakura ដែលទីក្រុងមួយក្នុងចំណោមទីក្រុងរមណីយដ្ឋានជិះស្គីធំៗចំនួន៥ នៅក្នុងតំបន់ Myoko ត្រូវបានជនបរទេសទិញយក។
ប៉ុន្តែ បណ្តាជនបរទេសទាំងនោះចាប់អារម្មណ៍តែលើព្រិលប៉ុណ្ណោះ ហើយនៅពេលដែលព្រិលរលាយអស់ អាជីវកម្មទាំងនោះក៏បិទទ្វារដែរ។ ការណ៍នេះបានធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ នៅពេលរដូវរងារកន្លងផុតទៅ។
តំបន់រមណីយដ្ឋានជិះស្គីនៅលើព្រិលទឹកកកជាផ្នែកមួយដ៏ធំក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍របស់ប្រទេសជប៉ុន ស្របពេលតម្លៃប្រាក់យ៉េនដាំក្បាលចុះ ដែលជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍បរទេស៕ប្រភព: CNA៕