ដោយៈ គង់ សូរិយា
កំពតៈ វត្តមានប្រាសាទមាសលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ទឹកដីខេត្តកំពត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងប្រាសាទមាស និងអភិសេករូបសំណាកលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥កន្លងមកនេះ។
-->
ពិធីនេះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកម៉ៅ ធនិន អភិបាលខេត្ត និងភរិយា និងមន្រ្តីពាក់ព័ន្ឋ។

ប្រាសាទមាស លោកជំទាវម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពុទ្ធបរិស័ទ គោរពប្រណិបត្តិលោកយាយម៉ៅផង និងជាកន្លែងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តផង ព្រោះទីតាំងនេះមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រ ជួរភ្នំ និងទីរួមខេត្តកំពតផងដែរ។
ការសាងសង់នេះ បានចូលរួមចំណែកអភិរក្សការកសាងកន្លែងជំនឿ លើកស្ទួយដល់ដល់វិស័យទេសចរណ៍ តាមបែបជំនឿសាសនា ព្រោះទីតាំងនេះ មានសក្តានុពលធម្មជាតិស្រាប់ ដែលអំណោយផលដល់ការទាក់ទាញភ្ញៀវទេសចរ ដែលបានប្រែក្លាយតំបន់នេះ ទៅជាគោលដៅទេសចរណ៍សំខាន់ថ្មីមួយទៀតរបស់ខេត្តកំពត៕

