ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្តីទី បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jose Carlos Edo Monfort អ្នកជំនាញជាន់ខ្ពស់ផ្នែកថាមពលរបស់ADB ស្ដីពីការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យរ៉ែ និងបច្ចេកវិទ្យាថាមពលស្អាតនៅកម្ពុជា។
ជំនួបពិភាក្សានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យលើលទ្ធភាព នៃការគាំទ្រផ្នែកបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដល់ការអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅកម្ពុជា និងការសិក្សាបន្ថែមអំពីផែនការអភិវឌ្ឍន៍ របស់បណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាធាតុចូល សម្រាប់ការរៀបចំគម្រោងនេះឡើង ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញបន្ថែមនូវការវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំផែនទី ព័ត៌មាន និងទិន្នន័យនៃវិសាលភាពធនធានរ៉ែ និងការវិនិយោគលើវិស័យរ៉ែ និងថាមពលនៅកម្ពុជា។
ក្នុងឱកាសនៃកិច្ចពិភាក្សានេះ លោកជំទាវរដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមក និងការផ្សារភ្ជាប់ក្រសួងទៅនឹងការសិក្សារៀបចំគម្រោងនេះ។ ទន្ទឹមនេះ លោកជំទាវបានស្នើឱ្យភាគីADB ពិនិត្យបញ្ចូលបន្ថែមនូវតម្រូវការគាំទ្រណា ដែលទាមទារឱ្យមានការចូលរួមពីក្រសួងសាធា រណការ និងដឹកជញ្ជូន ដើម្បីឱ្យក្រសួងមានលទ្ធភាពធានានូវសង្គតិភាពរវាងផែនការអភិវឌ្ឍន៍របស់ខ្លួន ជាមួយនឹងគម្រោង ជាពិសេសការអភិវឌ្ឍន៍ច្រករបៀង និងភស្តុភារកម្ម។

លោកជំទាវរដ្ឋមន្រ្តីស្ដីទី ក៏បានជម្រាបជូនដោយសង្ខេបទៅកាន់ភាគីADB អំពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ និងគម្រោងអាទិភាពមួយចំនួនទៀតរបស់ក្រសួង រួមមានដូចជា៖
(១)គម្រោងគ្រប់គ្រងធនធាន ទឹកចម្រុះហ្វូណនតេជា
(២) គម្រោងជីកស្តារ និងកែលម្អផ្លូវទឹកទន្លេសាបពីភ្នំពេញ ទៅកំពង់ឆ្នាំង
(៣) គម្រោងរៀបចំផែនការជាតិស្តីពី ការកំណត់តំបន់អភិវឌ្ឍន៍កំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង (៤) គម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា។
លោកជំទាវរដ្ឋមន្រ្តីស្ដីទី ក៏បានបញ្ជាក់ពីការគាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ការជំរុញដល់ការសិក្សារៀបចំ និងអនុវត្តគម្រោងខាងលើនេះ៕








