ដោយៈ គង់ សូរិយា
ភ្នំពេញៈ មេដឹកនាំកម្ពុជាសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីចិន លោកស៊ី ជីនពីង បានឯកភាពកសាង “សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល”។
យោងតាមុបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចវមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព។
-->
ជាកិច្ចចាប់ផ្ដើម សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀតនៅកម្ពុជា។

សម្តេចបវរធិបតីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា “ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប”។
ជាការឆ្លើយតប ឯកឧត្តម ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា។
ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរ ចំពោះភាពល្បីល្បាញរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត”។

ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចបវរធិបតី និងឯកឧត្តម ស៊ី ជីនពីង បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
ឯកឧត្តមស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិន និងទេសចរចិនកាន់តែច្រើនមកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍ រដ្ឋាភិបាលចិនចំនួន១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ៕
