បណ្តាម្ចាស់អគារការិយាល័យទំនើបៗនៅទីក្រុងហូជីមិញដំឡើងតម្លៃជួល ខណៈតម្រូវការមានសន្ទុះកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅឆ្នាំ២០២៥នេះ ទីក្រុងហូជីមិញនៃប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ការិយាល័យសម្រាប់ជួលក្នុងទំហំ៧១.០០០ម៉ែត្រការ៉េ ហើយអាចត្រូវបានគេជួលពេញអស់ក្នុងរយៈពេលខ្លី។

លោកស្រី Trang Bui នាយិកាប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Cushman & Wakefield ប្រចាំសាខាប្រទេសវៀតណាម បានព្យាករណ៍ថា តម្លៃជួលការិយាល័យនៅទីក្រុងហូជីមិញ នឹងកើនឡើង៥ភាគរយនៅឆ្នាំនេះ ដោយសារតម្រូវការមានការកើនឡើង។

យោងតាមសារព័ត៌មាន Vnexpress បានចុះផ្សាយថា តំបន់ទីក្រុងថ្មីចំនួនពីរ រួមមានតំបន់ Thu Thiem និងតំបន់ Phu My Hung នៅទីក្រុងហូជីមិញ នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលប្រមូលផ្តុំទៅដោយបណ្តាអគារការិយាល័យថ្មីៗ។

យ៉ាងណាមិញ លោកស្រី Trang Bui បានគូសបញ្ជាក់ថា “ចាប់ពីឆ្នាំ២០២៦ខាងមុខ ទីផ្សារនឹងស្ថិតនៅទ្រឹង ខណៈកំណើនតម្លៃជួលការិយាល័យនៅទីក្រុងហូជីមិញនឹងមកនៅត្រឹម០,៤ភាគរយទៅ០,៥ភាគរយក្នុងមួយឆ្នាំ”។

លោកស្រីបានបន្ថែមថា តម្រូវការជួលការិយាល័យនឹងបន្តមានប្រភពមកពីឧស្សាហកម្មសំខាន់ៗដូចជា បច្ចេកវិទ្យាព័ត៌មាន ធនាគារ ការផលិត ធានារ៉ាប់រង និងភស្តុភារ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Vietnam បានឱ្យដឹងថា តម្លៃជួលការិយាល័យជាមធ្យមនៅក្នុងទីក្រុងហូជីមិញមានទំហំទឹកប្រាក់ចំនួន៣៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកស្រី Trang Le នាយិកាប្រតិបត្តិនៃក្រុមហ៊ុន JLL Vietnam បានលើកឡើងថា ការងើបឡើងវិញនៃតម្រូវការជួលការិយាល័យពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ជាកត្តាចលករដ៏សំខាន់ ដែលអនុញ្ញាតឱ្យម្ចាស់អគារការិយាល័យមានទំនុកចិត្តក្នុងការដំឡើងតម្លៃជួល។

លោកស្រីបានបន្ថែមថា កាលពីឆ្នាំមុន អត្រាការិយាល័យទំនេរបានធ្លាក់ចុះមកនៅត្រឹមតែ៦ភាគរយប៉ុណ្ណោះសម្រាប់ប្រភេទអគារលំដាប់ខ្ពស់ (Premium) និងបានធ្លាក់ចុះមកនៅត្រឹម១២ភាគរយសម្រាប់ទីផ្សារទាំងមូល៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here