ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសឥណ្ឌាកំពុងទាក់ទាញបណ្តាអ្នកវិនិយោគបរទេសធំៗ ខណៈឥណ្ឌាជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក គួបផ្សំនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងតម្រូវការទិញផ្ទះប្រណីតៗដោយក្រុមអ្នកមាន។
តួយ៉ាង ក្រុមហ៊ុន Ascott ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សសិង្ហបុរី CapitaLand Investment បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងចំនួន៣ ដើម្បីសាងសង់អាផាតមុិនចំនួន៦០០យូនីតបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា។
ការណ៍នេះនឹងបង្កើនផលបត្រអចលនទ្រព្យសរុបរបស់ក្រុមហ៊ុន CapitaLand Investment នៅក្នុងប្រទេសឥណ្ឌាដល់ចំនួនប្រហែល៦.១០០យូនីតនៅទូទាំងគម្រោងចំនួន២២។
-->
គម្រោងសាងសង់អាផាតមុិនថ្មីបន្ថែមទាំង៦០០យូនីតនេះនឹងស្ថិតក្រោមម៉ាកយីហោ Oakwood ដោយមានទីតាំងនៅទីក្រុង Lucknow និង ទីក្រុង Thanjavur និងរដ្ឋ Goa របស់ប្រទេសឥណ្ឌា។នេះបើយោងតាមការចុះផ្សាយដោយកាសែត The Business Times។
ជាមួយគ្នានេះ ក្រុមហ៊ុនបដិសណ្ឋារកិច្ចខ្នាតយក្ស Hyatt Hotels របស់សហរដ្ឋអាមេរិកគ្រោងបើកដំណើរការសណ្ឋាគារចំនួន៦បន្ថែមទៀត នៅឥណ្ឌា ដូចជានៅទីក្រុង Ghaziabad និងទីក្រុង Kochi ជាដើម។
ក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនបដិសណ្ឋារកិច្ច Hyatt Hotels គ្រោងនឹងបង្កើនចំនួនសណ្ឋាគាររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាទ្វេរដងឱ្យដល់ចំនួន១០០ទីតាំង ដោយសម្លឹងឃើញសក្តានុពលដូចជា ការកើនឡើងនូវចំនួនប្រជាជន និងអំណាចនៃការចាយវាយរបស់ពលរដ្ឋឥណ្ឌា។
ប្រតិបត្តិករសណ្ឋាគារទូទាំងពិភពលោកបាននិងកំពុងបង្កើនផលបត្រអចលនទ្រព្យក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក និងមានតម្រូវការធ្វើដំណើរក្នុងស្រុកខ្ពស់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
កាលពីចុងឆ្នាំមុន ក្រុមហ៊ុនអាមេរិក Hilton Worldwide បានអះអាងថា ខ្លួនគ្រោងនឹងបង្កើនចំនួនបន្ទប់សណ្ឋាគារនៅក្នុងប្រទេសឥណ្ឌាឱ្យកើនឡើង៤ដងក្នុងរយៈពេល៥ឆ្នាំតទៅខាងមុខ៕ប្រភព: Bloomberg & Reuters៕
