ទីផ្សារអាផាតមុិននៅទីក្រុងញូវយ៉កជួបប្រទះស្ថានភាពល្អប្រសើរនៅត្រីមាសទី១

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារព័ត៌មាន CNBC បានរាយការណ៍ថា ការលក់អាផាតមុិននៅសង្កាត់ហិរញ្ញវត្ថុ Manhattan ដ៏ល្បីល្បាញក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានហក់ឡើង២៩ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការហក់ឡើងនេះបានកើតមាន ខណៈក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភបានងាកទៅទិញអចលនទ្រព្យក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មផលបត្រវិនិយោគរបស់ខ្លួន ស្របពេលទីផ្សារភាគហ៊ុនអាមេរិកកំពុងច្របូកច្របល់។

អាផាតមុិននៅក្នុងសង្កាត់ Manhattan ចំនួន២.៥៦០យូនីតត្រូវបានលក់ចេញក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើងពីចំនួន១.៩៨៨យូនីត កាលពីត្រីមាសទី១ ឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel និងក្រុមហ៊ុនឈ្មួញកណ្តាល Douglas Elliman ។

ចំណែក ទំហំទឹកប្រាក់សរុប ដែលទទួលបានពីការលក់អាផាតមុិនបានហក់ឡើង៥៦ភាគរយដល់ចំនួន៥,៧ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងត្រីមាសទី១ ដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ការ​លក់​អាផាតមុិន​ដែល​មាន​តម្លៃ​ជាង​៥​លាន​ដុល្លារ​អាមេរិកក្នុងមួយយូនីតបានហក់ឡើង​៤៩ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន។ រីឯ អាផាតមុិន​ដែល​មាន​តម្លៃ​ចាប់ពី២០លាន​ដុល្លារ​សម្រេចបានសន្ទុះនៃការលក់ដាច់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៩។

កំណើននៃការលក់អាផាតមុិនត្រូវបានជំរុញដោយការប្រែប្រួលនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងយុទ្ធសាស្រ្តធ្វើពិពិធកម្មផលបត្រ។ កត្តានេះបានសរបង្ហាញឱ្យឃើញពីទំនុកចិត្តជាថ្មីក្នុងចំណោមអ្នកទិញ និងអ្នកមាន។

ជាធម្មតា បណ្តាអតិថិជនលំដាប់អ្នកមានចូលចិត្តទិញយកអាផាតមុិន គិតជាសាច់ប្រាក់សុទ្ធ។ជាក់ស្តែង ចំនួន៥៨ភាគរយនៃការលក់អាផាតមុិនសរុបទាំង២.៥៦០យូនីតនៅសង្កាត់ Manhattan ក្នុងត្រីមាសទី១ ត្រូវបានទូទាត់ជាសាច់ប្រាក់ទាំងអស់៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here