ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារព័ត៌មាន CNBC បានរាយការណ៍ថា ការលក់អាផាតមុិននៅសង្កាត់ហិរញ្ញវត្ថុ Manhattan ដ៏ល្បីល្បាញក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានហក់ឡើង២៩ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការហក់ឡើងនេះបានកើតមាន ខណៈក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភបានងាកទៅទិញអចលនទ្រព្យក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មផលបត្រវិនិយោគរបស់ខ្លួន ស្របពេលទីផ្សារភាគហ៊ុនអាមេរិកកំពុងច្របូកច្របល់។
-->
អាផាតមុិននៅក្នុងសង្កាត់ Manhattan ចំនួន២.៥៦០យូនីតត្រូវបានលក់ចេញក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើងពីចំនួន១.៩៨៨យូនីត កាលពីត្រីមាសទី១ ឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel និងក្រុមហ៊ុនឈ្មួញកណ្តាល Douglas Elliman ។

ចំណែក ទំហំទឹកប្រាក់សរុប ដែលទទួលបានពីការលក់អាផាតមុិនបានហក់ឡើង៥៦ភាគរយដល់ចំនួន៥,៧ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងត្រីមាសទី១ ដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ ការលក់អាផាតមុិនដែលមានតម្លៃជាង៥លានដុល្លារអាមេរិកក្នុងមួយយូនីតបានហក់ឡើង៤៩ភាគរយ បើធៀបនឹងឆ្នាំមុន។ រីឯ អាផាតមុិនដែលមានតម្លៃចាប់ពី២០លានដុល្លារសម្រេចបានសន្ទុះនៃការលក់ដាច់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៩។
កំណើននៃការលក់អាផាតមុិនត្រូវបានជំរុញដោយការប្រែប្រួលនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងយុទ្ធសាស្រ្តធ្វើពិពិធកម្មផលបត្រ។ កត្តានេះបានសរបង្ហាញឱ្យឃើញពីទំនុកចិត្តជាថ្មីក្នុងចំណោមអ្នកទិញ និងអ្នកមាន។
ជាធម្មតា បណ្តាអតិថិជនលំដាប់អ្នកមានចូលចិត្តទិញយកអាផាតមុិន គិតជាសាច់ប្រាក់សុទ្ធ។ជាក់ស្តែង ចំនួន៥៨ភាគរយនៃការលក់អាផាតមុិនសរុបទាំង២.៥៦០យូនីតនៅសង្កាត់ Manhattan ក្នុងត្រីមាសទី១ ត្រូវបានទូទាត់ជាសាច់ប្រាក់ទាំងអស់៕ប្រភព: CNBC៕
