ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE ដែលចងក្រងឡើងចន្លោះពីខែឧសភាដល់ខែមិថុនានេះ បានបង្ហាញថា ទំនុកចិត្តអ្នកជួលការិយាល័យ និងអចលនទ្រព្យឧស្សាហកម្មនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកបានធ្លាក់ចុះ។
នៅក្នុងផ្នែកការិយាល័យ ភាពមិនប្រាកដប្រជានៃបរិយាកាសធុរកិច្ចសកលបាននាំឱ្យមានការថយចុះនៃសកម្មភាពជួល ជាមួយការសាកសួរតិចជាងមុន។ យោងតាមការស្ទង់មតិបានរកឃើញថា ចំនួន២៤ភាគរយ នៃអ្នកឆ្លើយតបបានសង្កេតឃើញការធ្លាក់ចុះនូវតម្លៃជួលការិយាល័យនៅក្នុងត្រីមាសទី២ ឆ្នាំនេះ កើនឡើងពីចំនួន១៦ភាគរយនៅក្នុងត្រីមាសមុន។
ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញមានតែអ្នកឆ្លើយតបចំនួន២៦ភាគរយប៉ុណ្ណោះ ដែលបានរាយការណ៍ពីការកើនឡើងនៃតម្លៃជួលការិយាល័យ ធ្លាក់ចុះពីចំនួន៣៨ភាគរយនៅក្នុងត្រីមាសទី១ មុនពេលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្ធបដិការនៅក្នុងខែមេសា។
នៅក្នុងផ្នែកអចលនទ្រព្យឧស្សាហកម្ម និងភស្តុភារ គេសង្កេតឃើញថា ការធ្លាក់ចុះភាគច្រើនបានបណ្តាលមកពីប្រទេសចិន ខណៈការចាប់អារម្មណ៍របស់អ្នកជួលបានធ្លាក់ចុះយ៉ាងខ្លាំង។ ក្រុមហ៊ុន CBRE វាយតម្លៃថា ការណ៍នេះដោយសារតែអ្នកជួលមានការប្រុងប្រយ័ត្នជាងមុន ស្របពេលមានភាពតានតឹងពាណិជ្ជកម្ម។
តម្លៃជួលអចលនទ្រព្យឧស្សាហកម្មនៅប្រទេសចិនត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនទាបបំផុត ដោយសារការលើកទឹកចិត្តក្នុងទីផ្សារនៅតែបន្តកើនឡើង។ ចំណាប់អារម្មណ៍របស់អ្នកវិនិយោគក្នុងការពង្រីកទំហំនៃការជួលអចលនទ្រព្យក៏បានថយចុះផងដែរ ដោយសារមនុស្សជាច្រើនកំពុងព្យាយាមរក្សាទ្រព្យសម្បត្តិរបស់ពួកគេក្នុងអំឡុងពេលមានភាពមិនច្បាស់លាស់នេះ។
ការស្ទង់មតិខាងលើរបស់ក្រុមហ៊ុន CBRE ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ដោយផ្អែកលើការឆ្លើយតបពីអ្នកចូលរួមចំនួន៥១៧នាក់ នៅទូទាំងតំបន់អាសុីប៉ាសុីហ្វិក ដែលមានជំនាញផ្នែកទីផ្សារជួលអចលនទ្រព្យ៕